សម្តេចតេជោ ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងការជួញដូរ​គ្រឿងញៀន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរ​គ្រឿងញៀន។

ក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាលអាណត្តិថ្មីនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែនបានអោយដឹងថា ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព សម្តេច បានផ្តួចផ្តើមគំនិតឱ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទទួលបានជោគជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជ​រដ្ឋា​ភិបាលអាណត្តិថ្មី។

ក្រៅពីនេះសម្តេច ក៏បានណែនាំឱ្យរាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​នោះ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ចំនួន៤ រួមមានស្ថេរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ បញ្ហាទាំង៤ខាងលើនេះ គឺជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលសាកលលោកកំពុងប្រឈម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds