តុលាការសម្រេចចោទប្រកាន់ថៅកែក្រុមហ៊ុនពិភពដីមាស ពីបទ ឆបោក ខណៈក្រុមអង្គរក្ស ពីបទហិង្សា
(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចចោទប្រកាន់ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ និងក្រុមអង្គរក្សចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបន្ដទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។
ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ពេលបញ្ជូនដល់តុលាការ មានប្រជាពលរដ្ឋជាច្រើនរយនាក់ បានតម្រង់ជួរគ្នាត្រៀបត្រានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលបំភ្លឺនៅចំពោះមុខតុលាការករណីឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់លុយរប់ពួកគាត់។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា មានប្រជាពលរដ្ឋប៉ុន្មានឲ្យពិតប្រាកដ ដែលចាញ់បោកឧកញ៉ារូបនេះ។ ប៉ុន្តែគ្រាន់តែប្រជាពលរដ្ឋនៅខេត្តកំពត បានដាក់ពាក់បណ្តឹងប្រមាណជាង១ពាន់នាក់។
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួន៕