ប្រធានរដ្ឋសភា អាណត្តិទី៧ ក៏ធ្លាប់ជានិពន្ធនាយកសារព័ត៌មានមួយរូបផងដែរ?
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ ថាគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀម និងរៀបចំរួចស្រេចតាំងពីឆ្នាំ២០២១មកម្លេះអំពីបេក្ខជនប្រធានរដ្ឋសភា គឺលោកជំទាវ ឃួន សុដារី។
លោកស្រី ឃួន សុដារី នឹងឡើងជាប្រធានរដ្ឋសភាជាតិក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា លោកស្រីជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ លោកស្រី ជាស្រ្តីទី១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា បន្ទាប់ពីលោកស្រី ជាប់ជាសមាជិករដ្ឋសភា ហើយមានតួនាទីជាប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភានៃរដ្ឋសភា។ លោកស្រី ឃួន សុដារី គឺជាអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសហុងគ្រី អំឡុងឆ្នាំ ១៩៨០ ដោយទទួលបានសញ្ញបត្រសារព័ត៌មាននៃវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ហើយនៅឆ្នាំ១៩៨៧ លោកស្រី ក្លាយជានិពន្ធនាយកសារព័ត៌មានប្រជាជន។
លោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២រដ្ឋសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាដែលជាក្បាលម៉ាស៊ីនដឹកនាំខ្ពស់បំផុតរបស់បក្ស។ លោកស្រី ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល។ លោកស្រីធ្លាប់បាត់ដំណែង អនុប្រធានទី២រដ្ឋសភាមួយរយៈក្នុងនីតិកាលទី៥ ដោយសារកិច្ចព្រមព្រៀងនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិ។
កិច្ចព្រមព្រៀងនយោបាយ បានប្រគល់មុខតំណែងអនុប្រធានទី១រដ្ឋសភាឱ្យទៅកូតាអតីតគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បានកាន់តំណែងអនុប្រធានទី១ ហើយលោក ងួន ញ៉ិល អតីតអនុប្រធានទី១ បានចុះមកកាន់តំណែងអនុប្រធានទី២ ដោយរុញបន្តឱ្យលោកស្រី ឃួន សុដារី ធ្វើជាសមាជិកសភាធម្មតា។

បើតាមសម្ដេចតេជោ អាណត្តិថ្មីនេះ តំណែងអនុប្រធានរដ្ឋសភាទី១ត្រូវរក្សាជូនលោក ជាម យៀប ដដែល ចំណែកតំណែងអនុប្រធានទី២របស់លោកស្រី ឃួន សុដារី នឹងត្រូវផ្ដល់ជូនឯកឧត្តម វង សូត្រ។ លោក វង សូត្រ បច្ចប្បន្ន កំពុងកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាកូនប្រសារសម្ដេច ហេង សំរិន៕