តារាពហុជំនាញអ្នកនាងខាត់ សុ ឃឹម ប្រកាសមិនផ្សាយអោយក្រុមហ៊ុនល្បែង
សិល្បៈ៖ បន្ទាប់ពីក្រុមហ៊ុនល្បែងអនឡាញ បានទំនាក់ទំនងមកនាងសួរនាំបញ្ចុះបញ្ចូលឲ្យចូលរួមផ្សព្វផ្សាយល្បែងស៊ីសង តារាស្រីពហុជំនាញល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានសម្ដែងការហួសចិត្ត និងប្រកាសឆន្ទៈរបស់ខ្លួនថា ដាច់ខាតមិនទទួលការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធការលេងល្បែងស៊ីសងឡើយ។
តានមទំព័រហ្វេសបុកអ្នកនាង ខាត់ សុឃីម បានប្រកាសបង្ហាញជាសាធារណៈទាំងយប់ថា «និយាយបន្តិចចុះរឿងនេះ (ដេកៗ មានគេ call មក បងជួយផ្សាយឲ្យក្រុមហ៊ុនខ្ញុំបន្តិចមក បងយកប៉ុន្មាន?) អាហ្នឹងស្អីគេអូន?ចាសបង Game online បង!។ ហ៊ឺ…លោកអើយ ស្មានតែគេជួលភ្លេង Sorry sister បងអត់ផ្សាយទេ បងទទួលតែភ្លេង ផ្សាយឲ្យអត់យកលុយទៀត»។
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបន្ថែមទៀតថា «១ នាទី ក្រោយមក ក៏ call មកប្ដីអ្នកនាងទៀត…យី….មីអូនសាហាវម្ល៉េះ ប្ដីបងក៏មិនលើកលែងដែរ?»។
ជាការពិត តាមការកត់សម្គាល់មួយរយៈចុងក្រោយនេះគេឃើញមានការរីកដុះដាលច្រើននូវប្រភេទល្បែង Game online ដែលកំពុងមានការផ្សព្វផ្សាយលើបណ្ដាញសង្គម។ សូមបញ្ជាក់ដែរថា កាលពីកន្លងមកធ្លាប់មានតារាសម្ដែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព ក៏ប្រកាសឆន្ទៈដាច់ខាតមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងឡើយ។ ទង្វើនេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីសំណាក់មហាជនដែលជាគំរូដ៏ល្អសម្រាប់សង្គម៕