អភិបាលខេត្តបាត់ដំបង ច្រានចោលព័ត៌មានជុំវិញករណី ត្រីក្នុងស្ទឹងសង្កែងាប់ដោយសារការលេចធ្លាយសារធាតុពុលពីរោងចក្រមួយកន្លែង

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ច្រានចោលព័ត៌មានជុំវិញករណី ត្រីក្នុងស្ទឹងសង្កែងាប់ដោយសារការលេចធ្លាយសារធាតុពុលពីរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុក​រតន​មណ្ឌល ខណៈលោកថា ការផ្សាយជាព្រោងព្រាតនោះ គឺជារូបភាពកាត់ត និងបានបំពុលសង្គមធ្ងន់ធ្ងរ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកលោក សុខ លូ បានអោយដឹងថា នៅស្ទឹងសង្កែ ត្រង់ចំណុចស្រុករតនមណ្ឌល ពិតជាមានបង្ហូរទឹកខ្មៅកខ្វក់មែន។ ករណីនេះ លោក បានបញ្ជារឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន និងមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ចុះស្រាវជ្រាវ ប៉ុន្តែ មិនបានឃើញត្រីងាប់ដូចការផ្សាយរបស់ពលរដ្ឋ និងអ្នកសារព័ត៌មានឡើយ។

លោក សុខ លូ បញ្ជាក់ថា«រឿងទឹកខ្មៅហូរចូលស្ទឹងសង្កែនេះ ពួកយើងកំពុងស្រាវជ្រាវ។ ខ្ញុំបានឱ្យក្រុមការងារចុះទៅពីរថ្ងៃហើយ ប៉ុន្តែ មិនទាន់ឃើញស្ថានភាពត្រីងាប់ ដូចការចុះផ្សាយទេ។ ដូចមើលហើយ រូបភាពមួយចំនួន មិនដឹងកាត់តមកពីណានោះទេ ដូច្នេះ ទាំងអស់នេះ គឺជាការបំពុលសង្គមធ្ងន់ធ្ងរ។ រូបភាពទាំងអស់នោះ មិនមែនជារូបភាពពិតក្នុងស្ទឹងសង្កែទេ»។

អភិបាលខេត្តបាត់ដំបងរូបនេះ ចាត់ទុកព័ត៌មាននេះ ជារឿងមិនពិត ដែលនាំឱ្យមានការបំពុលសង្គម និងធ្វើឱ្យពលរដ្ឋព្រួយបារម្ភ។ មកទល់ពេលនេះ ទឹកស្ទឹងសង្កែ បានវិលមកស្ថានធម្មតាវិញហើយ ខណៈមន្រ្តីជំនាញកំពុងរកប្រភពនៃការលេចធ្លាយ និងរងចាំលទ្ធផលតេស្តជាតិពុលនៃទឹកខ្មៅកខ្វក់នេះ៕អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'រដ្ឋបាលខេត្តបាត់ដំបង Battambang Administration

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds