គិតត្រឹមឆ្នាំ២០២៣! កម្ពុជាមានថាមពលស្អាតប្រមាណ៦២ភាគរយ

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅ កម្ពុជាមានថាមពលស្អាត និងថាមពលកកើតឡើងវិញចំនួន៦២ភាគរយ នៅក្នុងបណ្ដាញអគ្គិសនីជាតិ ដែលមានប្រភពមកពីវារីអគ្គិសនីក្នុងប្រទេសទាំង១៣កន្លែង និងស្ថានីយថាមពលពន្លឺព្រះអាទិត្យខ្នាតធំទាំង១២កន្លែង ផ្គុំជាមួយការនាំចូលថាមពលស្អាតពីប្រទេសឡាវជិត១០ភាគរយ។ ការបញ្ជាក់របស់លោកអគ្គនាយកអគ្គិសនីកម្ពុជាបែបនេះ ធ្វើឡើងតាមរយៈវីដេអូផ្សព្វផ្សាយជាង៧នាទីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២២កក្កដា។

ទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត

អគ្គនាយកអគ្គិសនីកម្ពុជាដដែលបន្ថែមថា អគ្គិសនីកម្ពុជានឹងបន្តខិតខំប្រឹងប្រែងរក្សាតុល្យភាពរវាងការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងថ្លៃសមរម្យជាមួយនិងការវិនិយោគទៅតំបន់ដាច់ស្រយាល។ ជាមួយគ្នា អគ្គិសនីកម្ពុជាក៏នឹងប្ដេជ្ញាចូលរួមជាមួយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅកាន់ការធ្វើអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា

លោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តព្យាយាមឱ្យអស់លទ្ធភាពក្នុងការផ្គត់ផ្គង់ថាមពលជូនប្រជាពលរដ្ឋដែលរស់នៅក្នុង២៤៥សហគមន៍ដែលនៅសេសសល់ ឱ្យទទួលបានអគ្គិសនីពីបណ្ដាញជាតិ១០០ភាគរយឱ្យបានមុនឆ្នាំ២០៣០ ទោះបីជាមានភាពស្មុគស្មាញក៏ដោយ។ សហគមន៍ដែលនៅសេសសល់ទាំងនេះ ជាសហគមន៍ដែលស្ថិតនៅតំបន់កោះ សមុទ្រ ទន្លេ សហគមន៍លើទឹក និងការតាំងទីលំនៅនៅដាច់ស្រយាលគ្មានផ្លូវទៅដល់ជាដើម។

ថាមពលស្អាតគឺជាថាមពលដែលអាចផលិតបានដោយបង្កផលប៉ះពាល់អវិជ្ជមានបន្តិចបន្តួចផ្នែកសង្គម វប្បធម៌ សុខភាព និងបរិស្ថាន។ ថាមពលស្អាតក៏ត្រូវបានហៅថាថាមពលដែលអាចបង្កើតថ្មីបាន ឬដែលប្រកបដោយចីរភាពផងដែរ ព្រោះវាត្រូវបានផលិតចេញពីប្រភពដែលមិនចេះរីងស្ងួត។ ការប្រើប្រាស់ថាមពលស្អាតអាចកាត់បន្ថយគ្រោះថ្នាក់លើសុខភាពមនុស្សនិងបរិស្ថាន ដែលបង្កឡើងដោយការស្វែងរកនិងដុតឥន្ធនៈហ្វូស៊ីល និងទម្រង់ផ្សេងទៀតនៃថាមពលដែលបំពុលនិងមិនអាចបង្កើតថ្មីបាន។ ថាមពលស្អាតអាចផ្គត់ផ្គង់ថាមពលនៅតាមភូមិជនបទ នៅទីក្រុងធំៗ និងនៅក្នុងរោងចក្រ ដោយមិនបង្កគ្រោះថ្នាក់ទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds