ទឹកស្ទឹងព្រែកត្នោតបានស្រកចុះទៅវិញក្រោយហក់ឡើងរយៈពេល២ទៅ៣ថ្ងៃ

(រាជធានីភ្នំពេញ)៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្រោយពីមានការហក់ឡើងរយៈពេល ២ទៅ៣ថ្ងៃមកនេះ បានស្រកចុះទៅវិញលែងជាក្ដីបារម្ភហើយ ខណៈការស្រកចុះខ្លាំងនៅថ្ងៃទី ៣ ខែសីហានេះតែម្ដង។ នេះបើតាមការលើកឡើងរបស់មន្រ្តីមូលដ្ឋានដែលបន្តតាមដានស្ថានភាពទឹកជាប្រចាំថ្ងៃ។

លោក លឹម សំបូរ ចៅសង្កាត់រងទី១ សង្កាត់ស្ពានថ្ម ថ្លែងពេល​កំពុងត្រួតពិនិត្យស្ថានភាព​ទឹកជា​មួយមន្រ្តីមកពីថ្នាក់ខណ្ឌថា ​ឈានមកដល់ថ្ងៃទី៣ខែសីហា ឆ្នាំ ២០២៣នេះ ស្ថានភាពកម្ពស់​ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ​រាជធានីភ្នំពេញ បានស្រកចុះទៅវិញ​លែង​បង្កជាក្ដីបារម្ភ។

លោកបន្តថា ទោះជាយ៉ាងណាមន្រ្តីមូលដ្ឋាន​នៅតែបន្តតាមដានស្ថានភាពទឹក​ទោះមានការស្រក​ចុះក្ដីពីព្រោះបញ្ហាគ្រោះធម្មជាតិ ​គឺមិនអាចឃើញ ​ដឹងមុនបានទេ ​ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេស ចាប់ពីខែ វិច្ឆិកា ឬខែធ្នូ ទើបផុតក្ដីបារម្ភពីបញ្ហាទឹកជំនន់។

លោក លឹម សំបូរ សង្ឃឹមថា ជំនន់ឆ្នាំនេះ ​មិនជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំមុនទៀតនោះទេ ខណៈអាជ្ញាធរ​បានជួសជុល ​និងសាងសង់ផ្លូវសងខាងស្ទឹង ​ខ្ពស់ជាងមុន ថែមទាំង​មានការបុកដែកចុះទៅក្រោមថែមទៀតផង។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ​ គឺមានការជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន រួមមាន៖ ខេត្តកំពត ខេត្តកែប ​ខេត្តកំពង់ស្ពឺ ជាដើម។ ចំពោះទឹកស្ទឹងព្រែកត្នោត ដែលបានហក់ឡើង​កាលពីថ្ងៃទី ១ និងថ្ងៃទី ២ សីហាម្សិលម៉ិញ ខណៈជំនន់នេះមានប្រភពមកពីខាងលើដែល​សំដៅលើខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds