ទឹកពណ៌ខ្មៅ ហូរធ្លាក់ចូលស្ទឹងសង្កែ បង្កឲ្យត្រីងាប់ សង្ស័យថា អាចធ្លាយចេញពីអាងស្ដុកទឹកក្នុងរោងចក្រចិន
ខេត្តបាត់ដំបង៖ ទឹកពណ៌ខ្មៅ ដែលអាចមានសារធាតុពុល បានហូរធ្លាក់ចូលស្ទឹងសង្កែ បង្កឲ្យត្រីងាប់ ដែលគេសង្ស័យថា អាចធ្លាយចេញពីអាងស្ដុកទឹកក្នុងរោងចក្រចិនមួយកន្លែង មានទីតាំងខាងក្នុង នៃទំនប់ពហុបំណង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ស្ថានភាពទឹកខ្មៅកខ្វក់នេះ ប្រជាពលរដ្ឋបានឃើញហូរធ្លាក់ចូលស្ទឹងសង្កែ កាលពីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ ថែមទាំងប្រទះឃើញត្រីពុលងាប់អណ្ដែតទឹកព្រោងព្រាតទៀតផង នៅតំបន់ស្ទឹងថ្វាក លាយឡំជាមួយទឹកជំនន់ ល្អក់ ដែលកំពុងឡើងជន់តាមដងស្ទឹងសង្កែ ហូរចុះមកប៉ែកខាងក្រោម។
ប្រជាពលរដ្ឋរស់នៅស្រុករតនៈមណ្ឌល បាននិយាយថា ស្ទើរតែរាល់ឆ្នាំ ពួកគាត់បានឃើញទឹកពណ៌ខ្មៅនេះ មានជាតិគីមីពុល ដែលទំនងអាចបែកធ្លាយចេញពីអាងស្ដុកទឹកកខ្វក់ក្នុងរោងចក្រក្រុមហ៊ុនចិនមួយកន្លែង ជិតទំនប់ពហុបំណង (សេកសក) ហើយគេក៏ប្រទះឃើញមានត្រីងាប់អណ្ដែតទឹកជាហូរហែ ចាប់ពីចំណុចកើតហេតុ ចុះមកក្រោមតាមដងស្ទឹង រហូតដល់តំបន់រមណីយដ្ឋាន «ស្ទឹងថ្វាក» ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកបានដឹងហើយអំពីទឹកពណ៌ខ្មៅហូរចូលទឹកស្ទឹងសង្កែនេះ តែលោកមិនទាន់រកឃើញប្រភព នៃទឹកកខ្វក់ពណ៌ខ្មៅនេះឃើញនៅឡើយទេ។
លោកប្រធានមន្ទីរ បានបន្ថែមថា លោកបានដឹងរឿងនេះហើយ តែទំនងមិនមែនហូរចេញពីរោងចក្រចិនទេ។ តែយ៉ាងណា ពេលនេះមន្ត្រីជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវស្វែងរកប្រភពទឹកខ្មៅកខ្វក់នេះ តើវាហូរចេញពីខាងណាមក? គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលទឹកខ្មៅកខ្វក់មានជាតិពុលបែបនេះ ហូរចេញពីតំបន់រោងចក្រចិន ចូលស្ទឹងសង្កែ គឺកើតមានឡើងស្ទើររាល់ឆ្នាំនៅពេលមានជំនន់ទឹកភ្លៀងម្តងៗ ដោយខាង មន្ត្រីជំនាញ និងអាជ្ញាធរខេត្ត តែងចុះអន្តរាគមន៍ដល់ចំណុចរោងចក្រចិននេះ ជាបន្តបន្ទាប់ ដើម្បីណែនាំដល់ភាគីក្រុមហ៊ុនឲ្យមានវិធានការទប់ស្កាត់ការបែកធ្លាយទឹកពុលបែបនេះ ចូលស្ទឹង តែហាក់គ្មានប្រសិទ្ធភាព៕