ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ក្នុងខេត្តក្រចេះសាងសង់បាន១៥%
(ខេត្តក្រចេះ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា មកដល់ពេលនេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះសម្រេចការសាងសង់បានប្រមាណ១៥%ហើយ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានបន្ថែមថា ស្ពានឆ្លងកាត់ទន្លេមេគង្គទី១នេះមានប្រវែង ១៧៦១ ម៉ែត្រ ដែលត្រើយខាងកើតស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ឯត្រើយខាងលិចស្ថិតក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ គ្រោងបញ្ចប់ការសាងសង់នាខែមិថុនា ឆ្នាំ២០២៦ ដោយប្រើរយៈពេលសាងសង់ ៤២ខែ និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
គម្រោងសាងសង់ស្ពាននេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕