ជំនន់ទឹកភ្លៀងសម្លា.ប់មនុស្សម្នាក់និងប៉ះពាល់ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ
ជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តនៅជាប់នឹងឆ្នេរសមុទ្រ នាប៉ុន្មានថ្ងៃកន្លងមកនេះ បានសម្លាប់មនុស្សម្នាក់ បណ្ដាលឱ្យបាត់ខ្លួនម្នាក់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
អ្នកនាំពាក្យដដែលបានឱ្យដឹងថា ជំនន់ទឹកភ្លៀងរដូវវស្សានេះ បង្កមកពីមានភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលប៉ះពាល់ទៅតំបន់មួយចំនួន នៃខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង បណ្ដាលឱ្យលិចលង់ផ្ទះសម្បែង សាលារៀន ផ្លូវជាតិ និងផ្លូវលំមួយចំនួន និងបង្កផលលំបាកដល់ការធ្វើដំណើរ។
លោកបញ្ជាក់ថា ចំពោះខេត្តកំពត ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ភូមិសាស្រ្តក្រុងកំពត ស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៤,៤០០គ្រួសារ។ មិនតែប៉ុណ្ណោះ ជំនន់ទឹកភ្លៀងបានបង្កជាការលិចលង់ផ្ទះជាង១ពាន់ខ្នង សាលារៀន៤អគារ សម្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ របួស២នាក់ និងជួយសង្គ្រោះបានចំនួន៤១នាក់។ ចំណែកឯនៅខេត្តកោះកុង ក៏មានការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។
យ៉ាងណា លោក សុទ្ធ គឹមកុលមុនី អះអាងថា បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ស្ថានភាពជំនន់ទឹកភ្លៀង គឺបានស្រកទៅវិញហើយ ដោយអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពទឹកភ្លៀងធ្លាក់បន្ថែម ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ ។ ដោយឡែកនៅតាមរាជធានី-ខេត្តដទៃទៀត គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមរៀបចំទីទួលសុវត្ថិភាព មធ្យោបាយដើម្បីជួយសង្គ្រោះ។ លោកបានអំពាវនាវដល់អាជ្ញាធរ ឱ្យតាមដានការព្យាករ និងជូនដំណឹងពីក្រសួងស្ថាប័នជំនាញ លើបញ្ហាអាកាសធាតុ ដើម្បីរៀបចំត្រៀមជូនដំណឹង ទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕