ការស្តារសត្វខ្លាធំឡើងវិញនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ី

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គឺជា​ទិវា​សត្វ​ខ្លាធំ ដែលត្រូវ​បានធ្វើឡើង​ជារៀងរាល់ឆ្នាំ។ ជាមួយគ្នា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia)តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានចាត់ទុកការស្តារសត្វខ្លាឡើងវិញនៅតំបន់ជួរភ្នំក្រវាញនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី។ ក្រៅពី ផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ការស្ដារចំនួនសត្វខ្លាធំឡើងវិញ ក៏នឹងផ្ដល់អត្ថប្រយោជន៍ខាងផ្នែកវប្បធម៌ផងដែរ។ ជាក់ស្ដែង ប្រជាជនខ្មែរមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយធម្មជាតិ ហើយសត្វខ្លាធំត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃកម្លាំងថាមពល និងតុល្យភាព។

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា កម្ពុជា​គ្រោង​នឹង​នាំយក​ប្រភេទ​សត្វ​ខ្លាធំ​ពី​ប្រទេស​ឥណ្ឌា ក្រោយប្រភេទសត្វនេះបានបាត់វត្តមានពីព្រៃធម្មជាតិកម្ពុជាអស់រយៈពេលប្រមាណ១៦ឆ្នាំ។ អ្នកនាំពាក្យដដែលបន្តថា សន្តិវិធី​ក្នុង​ការនាំយក​ប្រភេទ​សត្វ​កម្រ​នេះ​នឹង​សម្រេច​នាពេលខាងមុខ ហើយ​ចំពោះ​កិច្ចការងារ​នេះ កម្ពុជា​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​តំណាង​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ឆ្នាំ​២០២២​កន្លង​ទៅ​រួច​ហើយ​។

លោក នេត្រ ភក្រ្តា ក៏បានបង្ហាញ​ក្ដី​រំពឹងថា កម្ពុជា​នឹង​អាចមាន​លទ្ធភាព​ក្នុង​ការស្ដារ​វត្ត​មាន​សត្វ​ខ្លាធំ​ក្នុងព្រៃ​ធម្មជាតិ​ឡើងវិញ​។ ការ​ថ្លែង​បញ្ជាក់​បែប​នេះ របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ធ្វើឡើង​នៅក្នុង​សន្និសីទ​ស្ដីពី យុទ្ធនាការ​អន្ទាក់​សូន្យ ដំណាក់កាល​ទី​២ នៅក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២៣​។​

គួររម្លឹកថា កម្ពុជានិងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្ដារចំនួនរបាយការណ៍សត្វខ្លាធំនៅកម្ពុជាឡើងវិញ។ ឥណ្ឌាគឺជាប្រទេសដែលឈានមុខគេលើពិភពលោកក្នុងការអភិរក្សសត្វខ្លា ហើយអនុស្សារណៈយោគយល់គ្នារវាងកម្ពុជានិងឥណ្ឌា នឹងអនុញ្ញាតឱ្យកម្ពុជាបានរៀនពីការវឹកហាត់ដែរល្អជាងគេរបស់ឥណ្ឌាក្នុងការអភិរក្សសត្វខ្លា។ នេះគឺជាឱកាសដ៏ល្អ សម្រាប់ប្រទេសកម្ពុជា ដើម្បីក្លាយជាជម្រករបស់សត្វខ្លាម្ដងទៀត។

សត្វ​ខ្លាធំ​មាន​សារៈសំខាន់​ជាច្រើន ដោយ​វា​អាច​បង្កើន​ចំណូល​ថវិកាជាតិ តាមរយៈ​ទេសចរណ៍​ទស្សនា​សត្វ​ខ្លា​។ ខ្លាធំ​អាច​រក​ចំណូល​ខ្ពស់បំផុត​បើ​ប្រៀបធៀប​នឹង​ការ​រក​ចំណូល​ពី​សត្វ​ដទៃទៀត ពីព្រោះ​ថា​អ្នកទេសចរ គេ​ចូលចិត្ត​មើល​វា​ណាស់ គ្រាន់​តែ​សត្វ​ខ្លាធំ​មួយ​ក្បាល​របស់​ប្រទេស​ឥណ្ឌា អាច​រក​ចំណូល​រាប់​លាន​ដុល្លារ​ចាក់​ចូល​សេដ្ឋកិច្ចជាតិ មុន​នឹង​វា​បាត់បង់​ជីវិត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds