៦ខែឆ្នាំនេះ៖តម្លៃម្ទេសស្រស់ឡើងចុះពី៤,០០០ទៅ៩,០០០រៀលក្នុង១គីឡូក្រាម
ម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ។ ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃ ដោយឡែកម្ទេសផ្សេងៗទៀតដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលមកដាំដុះដែលពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ។
ម្ទេសជាបន្លែដែលសម្បូរវីតាមីនដូចជា A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាមដែលអាចកាត់បន្ថយជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសារលើសកម្រិតនោះទេ។
ម្ទេសត្រូវបានដាំដុះស្ទើគ្រប់ទីកន្លែង ដោយសារតម្រូវការប្រើប្រាស់វាជាចាំបាច់ក្នុងការចម្អិនមុខម្ហូប ឬតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់វា។ នៅកម្ពុជាម្ទេសហឹរមិនមែនជាបន្លែចម្បងក្នុងមុខម្ហូបទេ គេច្រើនប្រើវាសម្រាប់បន្ថែមសម្រស់ឱ្យម្ហូបអាហារ ឬបន្ថែមរស់ជាតិហឹរតាមការចូលចិត្ត ដោយឡែកម្ទេសដែលមានជាតិហឹរតិចដូចជាម្ទេសហាវ៉ៃ និងម្ទេសផ្លោក ត្រូវបានចម្អិនជាអាហារគោលដូចជាឆា ស្លរ ឬញ៉ុំជាមួយបន្លែផ្សេងៗ។
ក្រៅពីបរិភោគស្រស់ និងចម្អិន គេក៏អាចកែច្នៃជាម្ទេសជ្រក់ និងម្ទេសក្រៀមផងដែរ សម្រាប់ម្ទេសផ្លោកគេអាចកែច្នៃជាម្ទេសឆ្អើរសម្រាប់ប្រើប្រាស់ក្នុងសម្លរការី និងម្ហូបផ្សេងទៀត ចំណែកម្ទេសហឹរក្រៀម គេច្រើនកិនទុកបន្ថែមរស់ជាតិហឹរឱ្យអាហារ។
ម្ទេសមិនរើសដីដាំដុះទេ ប៉ុន្តែដីដែលល្អសម្រាប់ម្ទេសគឺជាដីមានជីជាតិល្អ ក្បែរប្រភពទឹក ឬជាដីល្បាប់ល្បាយខ្សាច់ ធូរ សម្បូរទៅដោយជាតិមមោគ និងសារធាតុចិញ្ចឹមខ្ពស់ វាត្រូវការទឹកជាមធ្យមក្នុងកម្រិតសំណើមដីពី ៦៥ ទៅ៧០ភាគរយ។
ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះប៉ុន្មានទេ វាមានជំងឺច្រើនដូចច្នេះកសិករត្រូវយល់ដឹង និងអនុវត្តច្ចេកទេសសមដូចជាការជ្រើសពូជ រៀបចំដី ដាក់ជី បញ្ចេញបញ្ចូលទឹក និងថែទាំ ទើបទទួលបានទិន្នផលល្អ។
ការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត ហើយរដូវកាលសមស្របសម្រាប់ដំណាំម្ទេស គឺ រដូវរំហើយចាប់ពីខែតុលា និងវិច្ឆិកា ប្រមូលផលនៅខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលនៅខែសីហា។
ម្ទេសជាដំណាំមិនប្រកាន់រដូវអាចដាំដុះបានពេញមួយឆ្នាំ អាចប្រមូលផលបានចាប់ពីដាំដុះរយៈពេល ៦៥ ទៅ៨០ថ្ងៃ អាស្រ័យតាមពូជដែលបានជ្រើសរើស ហើយអាចប្រមូលបានច្រើនដងបន្តបន្ទាប់គ្នា។
បើតាមការចុះផ្សាយតម្លៃបោះដុំផលិតផលកសិកម្ម ប្រចាំថ្ងៃ នៅលើគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី ៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រោម។
ក្រសួងកសិកម្មបញ្ជាក់ថា និន្នាការតម្លៃរយៈ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នេះតម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ ២០ ០០០រៀលក្នុងមួយគីឡូក្រាមក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀលក្នុងមួយគីឡូក្រាមនៅក្នុងខែតុលា លើសពីនេះតម្លៃម្ទេសមានការប្រែប្រួលគម្លាតតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។