ក្រោមតំណក់ភ្លៀង!បណ្ឌិតពេជ្រ ស្រស់ អំពាវនាវដល់ពលរដ្ឋឱ្យជួយបោះឆ្នោតគាំទ្រ«គណបក្សយុវជនកម្ពុជា»ដើម្បីសុំសិទ្ធិបម្រើប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋសភាជាតិ
ក្រោមតំណក់ភ្លៀងកំពុងបង្អុរមកយ៉ាងខ្លាំង លោកបណ្ឌិត ពេជ្រ ស្រស់ រួមជាមួយក្រុមសកម្មជន និងអ្នកគាំទ្រគណបក្សយុវជនកម្ពុជា បានស្រែកអំពាវនាវ និងបន្ទរយ៉ាងម៉ឺងម៉ាត់ ដើម្បីស្នើសុំដល់ប្រជាពលរដ្ឋខ្មែរឱ្យជួយបោះឆ្នោតគាំទ្រគណបក្សយុវជនកម្ពុជា ដែលមានលេខរៀងទី១៦ក្នុងសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការអំពាវនាវរបស់លោកបណ្ឌិត ពេជ្រ ស្រស់នេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គ្រាដែលរូបលោកបណ្ឌិតបានដឹកនាំក្បួនឃោសនាបោះឆ្នោត ក្នុងទឹកដីខេត្តត្បូងឃ្មុំ។
ប្រធានគណបក្សយុវជនកម្ពុជា លោកបណ្ឌិត ពេជ្រ ស្រស់ ជាបុគ្គលមួយរូបដែលតែងតែឈឺឆ្អាលរឿងសង្គមជាច្រើន។ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សយុវជន និងតែងតែតាមដានពីសុខទុក្ខប្រជាពលរដ្ឋ លោកបណ្ឌិតធ្លាប់បានអន្តរាគមន៍តាមរយៈការអំពាវនាវនានាជុំវិញបញ្ហាផ្សេងដែលប្រជាជនពលរដ្ឋជួបប្រទះ។ ជាក់ស្ដែង កាលពីអំឡុងពេលដែល ពលរដ្ឋកំពុងជួបបញ្ហាសេដ្ឋកិច្ចខ្លាំងក្នុងវិបត្តិជំងឺកូវីដ-១៩ លោកបណ្ឌិត ពេជ្រ ស្រស់ ធ្លាប់បានចេញមុខអំពាវនាវទៅកាន់រាជរដ្ឋាភិបាលឱ្យជួយសម្រួលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពន្យារពេលបង់ការប្រាក់ផងដែរ។
នាពេលថ្មីៗនេះ ដើម្បីបង្ហាញឆន្ទៈពួកយើងជាយុវជនចង់បម្រើប្រជាពលរដ្ឋក្នុងក្របខណ្ឌរដ្ឋសភាជាតិ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សយុវជនមួយចំនួនទៀត បានសម្រេចជិះកង់ចម្ងាយរហូតដល់ទៅ ៣២៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ជិះកង់ដើម្បីសុំសិទ្ធិបម្រើប្រជាពលរដ្ឋខ្មែរក្នុងរដ្ឋសភាជាតិ»។
កើតក្នុងគ្រួសារមានជីវភាពក្រីក្រមួយ ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសម្រេចបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី៨ នាឆ្នាំ១៩៩៥ ហើយវេចបង្វេចខោអាវឡើងមកធ្វើការសំណង់នៅភ្នំពេញ ដោយមកស្នាក់នៅផ្ទះជួលនៅម្ដុំផ្សារហេងលី ជាមួយបងស្រីខ្លួន ដែលប្រកបរបរកម្មករកាត់ដេរ។ ក្រោយប្រកបការងារជាកម្មករសំណង់ រយៈពេល១៦ខែ ដោយទទួលបានប្រាក់ពលកម្ម ៥៥០០រៀលក្នុងមួយថ្ងៃនោះ មិនអាចជួយឲ្យយុវជន ពេជ្រ ស្រស់ មានប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារបានឡើយ។
ត្បិតធ្វើការសំណង់ទទួលបានប្រាក់ពលកម្មតិច ហើយចំណាយកម្លាំងច្រើននោះ យុវជន ពេជ្រ ស្រស់ ត្រូវផ្លាស់ប្ដូរការងារមកធ្វើជាកម្មករកាត់ដេរនៅក្នុងរោងចក្រ ៥ ជាន់ មុននឹងប្ដូរមកធ្វើការនៅរោងចក្រដើមស្វាយ ហើយក៏ជាពេលដែលយុវជនបោះបង់ចោលការសិក្សាតាំងពីថ្នាក់ទី៨រូបនេះ បានចាប់ផ្ដើមងាកមកបន្តការសិក្សាវិញ ដើម្បីផ្លាស់ប្ដូរខ្សែជីវិតខ្លួន ក្រោយពីមានការណែនាំពីមិត្តភក្តិដែលធ្វើការរោងចក្រជាមួយគ្នា។ «នៅពេលខ្ញុំធ្វើការរោងចក្រនោះ ខ្ញុំធ្វើការបណ្ដើររៀនអង់គ្លេសបណ្ដើរ។ ខ្ញុំរៀនព្រឹកម៉ោង៦ ហើយខ្ញុំចេញមុនម៉ោង១៥នាទី ដើម្បីធ្វើដំណើរមកធ្វើការនៅរោងចក្រម៉ោង៧ព្រឹក ។ ចំណែកម៉ោង៦-៧ ល្ងាច ខ្ញុំរៀនអង់គ្លេសវគ្គសន្ទនា អស់រយៈពេល២-៣ឆ្នាំ រហូតដល់ខ្ញុំរៀនភាសាអង់គ្លេសចេះជ្រៅជ្រះ។ ក្រោយមកខ្ញុំក៏ឃើញមិត្តភក្ដិដែលបោះបង់ចោលការសិក្សាដូចខ្ញុំដែរ គេធ្វើការបណ្តើរ រៀនសកលវិទ្យាល័យបណ្ដើរ ហើយខ្ញុំក៏សួរគេ គេក៏ផ្ដល់យោបល់ខ្ញុំឲ្យរៀនបំពេញវិជ្ជាក្រៅម៉ោងបន្តពីថ្នាក់ទី៨ ទៅទី១២ នៅចតុមុខ ។ តែខ្ញុំគ្មានពេលរៀនគ្រប់គ្រាន់ដូចគេខ្ញុំក៏ប្រឡងធ្លាក់បាក់ឌុប។ ក្រោយមកខ្ញុំយកលិខិតបញ្ជាក់ការសិក្សា ពីការធ្លាក់បាក់ឌុបមករៀនបរិញ្ញាបត្ររង»។នេះជាការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ដែលបានបន្តសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកច្បាប់មុខងារសាធារណៈ នៅឆ្នាំ២០០៥ និងបន្តបរិញ្ញាបត្រនៅឆ្នាំ២០០៨ នៅសកលវិទ្យាល័យមេគង្គកម្ពុជា ក្រោយពីបែកបាក់ស្នេហា ហើយត្រូវបានអតីតសង្សារដែលមានចំណេះដឹងខ្ពស់ជាងខ្លួន ប្រើពាក្យប្រមាថលោកថា «ជាកម្មកររោងចក្រដៃប្រឡាក់ប្រេងម៉ាស៊ីន មានឋានៈទាបមិនសាកសមរូបនាង»។
តាមពិតទៅពាក្យប្រមាថមួយម៉ាត់ដែលចេញពីមាត់អតីតសង្សារខ្លួននេះ សម្រាប់លោក ពេជ្រ ស្រស់ មិនមែនជាការមើលងាយទេ តែវាជាការជំរុញលើកទឹកចិត្តលោកឲ្យប្តេជ្ញាសិក្សាមុខវិជ្ជាច្បាប់នេះ ដើម្បីងើបផុតពីជីវិតជាកម្មកររោងចក្រ។ បើតាមយុវជនកូនកសិករខេត្តត្បូងឃ្មុំរូបនេះ ធ្លាប់បានបម្រើការងារជាជំនួយការផ្នែករដ្ឋបាលនៅក្នុងរោងចក្រ និងធ្វើជាអនុប្រធានសហជីពសម្ព័ន្ធដើម្បីសេរីភាពកម្មករនៅពាក់កណ្ដាលឆ្នាំ២០០៥ មុននឹងលាឈប់ពីតួនាទីនៅឆ្នាំ២០០៦ ហើយបានចូលរួមសកម្មភាពនយោបាយក្នុងតួនាទីជាប្រធានចលនាយុវជនក្រុងភ្នំពេញ និងប្តូរមកជាជំនួយការលោក មិន ប៊ុនឆៃ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយឯកឧត្តម កឹម សុខា ។
ក្នុងអំឡុងពេលបំពេញការងារក្នុងបក្សសិទ្ធមនុស្សមួយឆ្នាំ លោក ពេជ្រ ស្រស់ តែងតែគោរព និងឲ្យតម្លៃចំពោះគោលនយោបាយឯកឧត្តម កឹម សុខា ។ ប៉ុន្តែដោយសារតែមិនពេញចិត្តចំពោះទង្វើមន្ត្រីក្នុងគណបក្សសិទ្ធិមនុស្ស យុវជនខ្ពស់ស្គមរូបនេះ បានសម្រេចលាឈប់ពីតួនាទីខ្លួន ដោយងាកមកបម្រើការងារនៅក្នុងក្រុមហ៊ុន វើលរូ មេឌាឌីហ្សាញ់ ដែលជាឱកាសល្អសម្រាប់ ពេជ្រ ស្រស់ អាចយកចំណេះដឹងខ្លួនបង្កើត«អង្គការរួមគ្នាដើម្បីភាពរីកចម្រើន»ក្នុងឆ្នាំ២០១០ ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម ដោយមានការជួយជ្រោមជ្រែងពីថៅកែក្រុមហ៊ុន ឌីហ្សាញ់ នេះផ្ទាល់។ « ថៅកែក្រុមហ៊ុនហ្នឹងគាត់រៀននៅអូស្ត្រាលី គាត់មានចិត្តទូលាយ(Open mind) ផ្ទេរការអប់រំឲ្យយើង។ ដូចនេះខ្ញុំមានគំនិតមួយសូរគាត់ថា បង! បើខ្ញុំបើកអង្គការមួយ តើបងឯងជួយខ្ញុំអត់? គាត់ថាជួយ តែឲ្យខ្ញុំធ្វើការឲ្យកន្លែងគាត់ផង និងបើកសិទ្ធិធ្វើការអង្គការផង។ ដូច្នេះខ្ញុំក៏បង្កើតអង្គការមួយឈ្មោះ រួមគ្នាដើម្បីភាពរីកចម្រើន ដោយទទួលបានអាជ្ញាប័ណ្ណឆ្នាំ២០១០ រហូតដល់រយៈពេល៥ឆ្នាំ។ នៅក្នុងការងារអង្គការខ្ញុំលើកទឹកចិត្តយុវជនឲ្យប្រឹងរៀន និងជំរុញឲ្យពួកគេរកឱកាសខ្លួនឯងនៅពេលអនាគត។ ហើយខ្ញុំធ្វើការងារឃ្លាំមើលសិទ្ធិមនុស្សផង ជួយកុមារផង រហូតដល់ការជួយទាមទារដោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់អតីតប្រធានអង្គការរូមគ្នាដើម្បីភាពរីកចម្រើន មុននឹងលោកសម្រេចចិត្តប្រឡូកចូលឆាកនយោបាយ ដោយបង្កើតគណបក្សយុវជនកម្ពុជា នៅចុងឆ្នាំ២០១៥ ក្រោយពីមានបទពិសោធន៍ចូលរួមសកម្មភាពនយោបាយ និងជួយដោះស្រាយបញ្ហាសង្គមអស់រយៈពេលជាង៦ឆ្នាំ។
គួរឱ្យដឹងថា លោកបណ្ឌិត ពេជ្រ ស្រស់ គឺជាប្រធានគណបក្សយុវជនកម្ពុជា ដែលបង្កើតឡើងកាលពីចុងឆ្នាំ២០១៥កន្លងមកនេះ។ មូលហេតុដែលបុរសវ័យ៣៧រូបនេះ បោះជំហានចូលប្រឡូកក្នុងឆាកនយោបាយនោះ ដោយសារតែលោកមានហេតុផលពីរយ៉ាងគឺទី១ លោកមិនពេញចិត្តចំពោះអ្នកនយោបាយចាស់ៗ ដែលតែងតែដឹកនាំធ្វើនយោបាយប្រជាភិថុត លាភពណ៌គ្នាទៅវិញទៅមក គិតតែផលប្រយោជន៍បក្ស ជាងផលប្រយោជន៍ប្រជាជន។ ហេតុផលទី២ គឺប្រធានគណបក្សយុវជនកម្ពុជារូបនេះ ចង់ដឹកនាំយុវជនឲ្យមានភាពក្លាហាន ហ៊ានដោះស្រាយបញ្ហានៅក្នុងសង្គមដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកនយោបាយឡើយ។ នេះជាការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ដែលធ្លាប់មានអតីតភាពជាកម្មករសំណង់ និងជាកម្មកររោងចក្រ មុននឹងលោកក្លាយជាប្រធានអង្គការរួមគ្នាដើម្បីភាពរីកចម្រើន ហើយបន្តមកធ្វើជាប្រធានគណបក្សនយោបាយយុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ៕
ដោយ៖ ព្រួញទេព