ចរន្តភ្ញៀវទេសចរបរទេសនៅកម្ពុជាបន្តកើនឡើង

យោងតាមការសង្កេតរបស់មន្ទីរទេសចរណ៍ទូទាំងប្រទេសបង្ហាញថា ចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជានៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងរយៈពេលចុងសប្ដាហ៍ទី២នៃខែកក្កដានេះ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបមានចំនួន ២៩៦,០០៥នាក់ បានចេញដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ ២៥៩,៤៤១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។

ក្រសួងកត់សម្គាល់ថា​​ ភ្ញៀវទេសចរភាគច្រើនជាភ្ញៀវដែលរស់នៅក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន។

ខេត្តព្រះសីហនុនៅតែជាខេត្តគោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ ដោយក្នុងរយៈពេលចុងសប្ដាហ៍ទី២នៃខែកក្កដា ខេត្តនេះទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៦,៥៥៧នាក់។ ខេត្តគោលដៅបន្ទាប់ គឺខេត្តបាត់ដំបងទទួលបានទេសចរ ៣៥,៦៦៤នាក់ ខណៈរាជធានីភ្នំពេញឈរនៅលំដាប់ទី៣ ទទួលបានទេសចរសរុបចំនួន ៣៣,២១១នាក់។ ខេត្តគោលដៅផ្សេងៗទៀត មានដូចជា៖ ខេត្តកំពតទទួលបានទេសចរចំនួន ២៧,៦៧៥នាក់ សៀមរាប ២២,៥៣៥នាក់ កំពង់ស្ពឺ ១៤,២៥៣នាក់ ខេត្តពោធិ៍សាត់ ១១,២៧៧នាក់ និងខេត្តកែប ១១,០៧៦នាក់។

ក្រសួងទេសចរណ៍គូសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនាចុងសប្ដាហ៍ទី២នៃខែកក្កដានេះ មានការកើនឡើងប្រមាណ​ ៣.១៥ភាគរយ បើធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤ភាគរយ និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦ភាគរយ។ បើយោង​តាម​ការ​ព្យាករ នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​នឹង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​៥​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds