សន្លឹកឆ្នោតបម្រើឱ្យការបោះឆ្នោតនឹងត្រូវដឹកទៅកាន់បណ្ដាខេត្តចំនួន២៤នៅថ្ងៃនេះ

សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតដែលបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដឹកជញ្ជូនចេញពីឃ្លាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដើម្បីប្រគល់ជូនគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៤ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា គ.ជ.ប បានរៀបចំសម្ភារៈបរិក្ខារសម្រាប់ការបោះឆ្នោត ដែលរួមមានទាំងសន្លឹកឆ្នោត សម្រាប់ដឹកជញ្ជូនទៅជូនគណៈកម្មការរៀបចំការបោះឆ្នោតតាមបណ្ដាខេត្តចំនួន២៤ លើកលែងតែរាជធានីភ្នំពេញមួយប៉ុណ្ណោះដែលត្រូវដឹកជញ្ជូនទៅក្រោយគេនៅអំឡុងកៀកថ្ងៃបោះឆ្នោតតែម្ដង ព្រោះឃ្លាំងស្តុកទុកសម្ភារៈ និងសន្លឹកឆ្នោតរបស់គ.ជ.ប គឺស្ថិតនៅជិតរាជធានីភ្នំពេញ។

លោកអគ្គលេខាធិការរងគ.ជ.ប បញ្ជាក់ថា ចំពោះការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតនេះ មានការសហការពីអាជ្ញាធរដែនដី ជាពិសេសកងកម្លាំងការពារសន្តិសុខដែលផ្ដល់ដោយរាជរដ្ឋាភិបាលក្នុងការការពារសន្តិសុខសុវត្ថិភាពសម្រាប់ការដឹកជញ្ជូននេះទៅកាន់គោលដៅទាំង២៤ខេត្ត។

លោក សោម សូរីដា បានឱ្យដឹងទៀតថា សន្លឹកឆ្នោត និងសម្ភារៈបរិក្ខារនឹងត្រូវដឹកទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ហើយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនឹងរៀបចំប្រតិទិនសម្រាប់ការដឹកជញ្ជូនសម្ភារៈបរិក្ខារ និងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោត ដើម្បីបញ្ជូនទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ លោកគូសបញ្ជាក់ថា ឯកសារសំខាន់ៗដែលត្រូវផ្គត់ផ្គង់ទៅការិយាល័យបោះឆ្នោតនេះ គឺត្រូវផ្ដល់ជូនយ៉ាងតិច៣៦ម៉ោង មុនថ្ងៃបោះឆ្នោត។

គួរជម្រាបថា សន្លឹកឆ្នោតប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានផលិតរួចរាល់ តាំងតែពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣មកម្លេះ។ សន្លឹកឆ្នោតដែលត្រូវបានផលិតមានប្រមាណជាង១៣លានសន្លឹកឆ្នោត និងត្រូវបែងចែកជាពីរប្រភេទគឺ សន្លឹកឆ្នោតជាង ១១លានសន្លឹក នឹងត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោត និងសន្លឹកឆ្នោតបម្រុងជាង១លានសន្លឹក ត្រូវតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds