លោកសៅ សុខាចុះសួរសុខទុក្ខកីឡាការិនីឈិត សាភឿន ដែលរងរបួសបាក់ឆ្អឹងដងកាំបិតក្នុងការប្រកួតជាមួយឡាវ
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចុះសួរសុខទុក្ខកីឡាការិនី ២នាក់ដែលបានរងរបួសក្នុងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ ក្នុងនោះមានកីឡាការិនី ឈិត សាភឿន ដែលរងរបួសបាក់ឆ្អឹងដងកាំបិតនៅស្មាខាងឆ្វេង ពេលប្រកួតជាមួយឡាវដោយរកបាន ២គ្រាប់ ជួយកម្ពុជាទទួលបានជ័យជំនះ។ ជាមួយគ្នា លោកប្រធានសហព័ន្ធបាល់ទាត់កម្ពុជាក៏បានចុះសួរសុខទុក្ខកីឡាការិនីឈ្មោះ ស្រី នូ របួសជង្គង់ពេលហ្វឹកហាត់នៅបាទីផងដែរ។
សូមរម្លឹកថា ការប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ ( AFF U19 Women’s Championship 2023 ) នៅកីឡដ្ឋាន Palembang ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី៥ ខែកក្កដា ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីឡាវ ក្នុងលទ្ធផល ២ ទល់នឹង ១។
នេះជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងពូល A ដែលមានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ទីម័រខាងកើត និងឡាវ។
ការប្រកួតបន្ទាប់ U-19 នារីកម្ពុជា ត្រូវជួប U-19 នារីទីម័រខាងកើត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងការប្រកួតចុងក្រោយ ក្នុងពូល A ក្រុមបាល់ទាត់នារីកម្ពុជា ជួបជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ (AFF U19 Women’s Championship 2023) នេះ គឺមាន ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល។ គឺពូល A មាន ៤ក្រុម៖ កម្ពុជា ឡាវ ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ ពូល B៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ ពូល C៖ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន៕
\