កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់បរទេសជិត៤៦ប៊ីលានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានប្រមាណ ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រភពទុនវិនិយោគចម្បង គឺមកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងភោជនីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។

គួរកត់សម្គាល់ថា ប្រទេសចិនជាប្រភពវិនិយោគធំជាងគេ ដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ចិនមានទុនវិនិយោគផ្ទាល់នៅកម្ពុជាសរុប ៨៣,៥ទ្រីលានរៀល កើនឡើងប្រមាណ១១,១ភាគរយ ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២២។ ចំណែកប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស សុទ្ធសឹងតែមានការកើនឡើងនូវទំហំវិនិយោគផ្ទាល់នៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំនេះ ហើយក៏មានទាំងបណ្ដាប្រទេសផ្សេងទៀតផងដែរដែលកើនឡើងទំហំវិនិយោគផ្ទាល់។

យោងតាមរបាយការណ៍ដដែលបង្ហាញថា វិស័យហិរញ្ញវត្ថុ ជាវិស័យដែលទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ប្រមាណ៤៣,៨ទ្រីលានរៀល ហើយវិស័យដែលទទួលបានទុនវិនិយោគបន្ទាប់ គឺវិស័យកម្មន្តសាលប្រមាណ ៣៩,២ទ្រីលានរៀល។ ចំណែកវិស័យអចលនទ្រព្យឈរនៅលំដាប់ទីបី ដែលមានទុនវិនិយោគផ្ទាល់បរទេសសរុប ២១,៥ទ្រីលានរៀល។ ដោយឡែក វិស័យសណ្ឋាគារ និងភោជនីយដ្ឋានទទួលបានទុនវិនិយោគផ្ទាល់បរទេសសរុប ១៩,១ទ្រីលានរៀល វិស័យកសិកម្មប្រមាណ ១៧,៧ទ្រីលានរៀល វិស័យវារីអគ្គិសនី ១១,៧ទ្រីលានរៀល វិស័យសំណង់ ៩,៨ទ្រីលានរៀល និងវិស័យផ្សេងៗទៀតទទួលបានទុនវិនិយោគផ្ទាល់បរទេសសរុបប្រមាណ ២២,៩ទ្រីលានរៀល។

សូមបញ្ជាក់ថា ការវិនិយោគដោយផ្ទាល់ពីបរទេស គឺជាការវិនិយោគមួយដែលបង្កើតឡើងដោយម្ចាស់សហគ្រាស ឬវិនិយោគិនមិនមែននៅក្នុងស្រុក ឬសហការជាមួយសហគ្រាសក្នុងស្រុកក្រោមការគ្រប់គ្រងដោយជនជាតិបរទេស ដើម្បីបង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬសាខាបន្ថែមរបស់ក្រុមហ៊ុន។ និយាយឱ្យស្រួលស្ដាប់ទៅ ការវិនិយោគដោយផ្ទាល់ពីបរទេស គឺជាការចាក់បញ្ចូលមូលធនពីក្រៅប្រទេសចូលមកក្នុងប្រទេស តាមរយៈការសាងសង់រោងចក្រ សហគ្រាស ផលិតកម្មនានា ដើម្បីឱ្យមានដំណើរការផលិតកម្មក្នុងប្រទេស ដើម្បីជំរុញមានចលករសេដ្ឋកិច្ចថ្មីបន្ថែម៕

ដោយ៖ យឺន សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds