សម្ដេចតេជោបញ្ជាឱ្យត្រៀមបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងដឹកជញ្ជូនកម្មករ-កម្មការិនីទៅបោះឆ្នោតតាមបណ្ដាខេត្ត
(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដាក់បញ្ជាដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យសហការជាមួយសាលារាជធានីភ្នំពេញ បញ្ចេញនូវរថយន្តក្រុងចន្លោះពី៣០០ទៅ៣៥០គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ-កម្មការិនីទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ការដឹកជញ្ជូនកម្មករ-កម្មការិនីទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករ-កម្មការិនី និងជួយកាត់បន្ថយចំណាយរបស់ពួកគេ ព្រោះថា ការដឹកជញ្ជូននេះរដ្ឋាភិបាលមិនកំណត់ឱ្យយកប្រាក់នោះទេ។ ជាពិសេស ការដឹកជញ្ជូននេះគ្មានការរើសអើសពីនិន្នាការនយោបាយ និងមិនមែនជាការទិញដូរសន្លឹកឆ្នោត ឬសូកប៉ាន់សម្រាប់ដោះដូរនឹងសន្លឹកឆ្នោតនោះឡើយ។
ជាមួយគ្នា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំបែងចែកឱ្យបានច្បាស់លាស់ចំពោះការដឹកជញ្ជូននេះ។ លោកថា ការដឹកជញ្ជូនកម្មករ-កម្មការិនីនាពេលនេះ ខុសគ្នានឹងការដឹកជញ្ជូនពលរដ្ឋកាលពីអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកាលពីពេលកន្លងទៅ។
គួរជម្រាបថា នៅសល់ត្រឹមតែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នឹងចូលមកដល់ ដោយការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលនាអាណត្តិថ្មីនេះ មានគណបក្សនយោបាយសរុបចំនួន១៨គណបក្ស ចូលរួមប្រកួតប្រជែង៕