ព្រះមហាក្សត្រឡាយព្រះហត្តលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញជាផ្លូវការ។ នេះបើយោងតាមព្រះរាជក្រមឡាយព្រះហត្តលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ត្រូវបានរដ្ឋសភាសម្រេចអនុម័ត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយច្បាប់នេះត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគិតច្បាប់ទាំងស្រុង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។

ចំពោះគោលបំណងនៃការបង្កើតច្បាប់នេះឡើង គឺដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងដើម្បីចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញផងដែរ។

ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានវិសាលភាពអនុវត្តលើវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានដើមកំណើតទំនិញក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។ ជាពិសេស ច្បាប់នេះត្រូវអនុវត្តចំពោះផលិតករ និងអ្នកនាំចេញនាំចូល ដែលមានតម្រូវការសំអាងដើមកំណើតទំនិញ និងស្លាកសញ្ញាសម្គាល់ដើមកំណើតផលិតផល អាជ្ញាធរចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនៃទំនិញនាំចេញ អាជ្ញាធរទទួលសំអាងដើមកំណើតទំនិញនៃទំនិញនាំចូល និងនីតិបុគ្គល ឬស្ថាប័នដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម ដែលធ្វើប្រតិវេទន៍ដើមកំណើតទំនិញ។

គួររម្លឹកថា សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣។ សេចក្ដីព្រាងច្បាប់នេះមានចំនួន៩ជំពូក និង៣៥មាត្រា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds