សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីឆែកឃើញគ្រឿងញៀន១០៣គីឡូក្នុងរថយន្តពីឡាវ

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានឱ្យដឹងថា​ បច្ចុប្បន្នសមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស៊ើបអង្កេតរ​ក​ជនល្មើស​ករណី​ឆែក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ១០៣​ គីឡូក្រាម ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្នុង​រថយន្ត​ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ​ ១ ​គ្រឿង បន្ទាប់ពី​រថយន្ត​នោះបាន​បើក​បុក​របាំង​ថ្ម​មុខផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃទី​ ៧ កក្កដា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​០៩កក្កដា​ថា ពាក់ព័ន្ធ​គ្រឿងញៀន​ ១០៣ ​គីឡូក្រាម ដែល​រកឃើញ​ក្នុង​រថយន្ត​នៅក្នុង​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ​។ ប៉ុន្តែ​នៅក្នុង​រថយន្ត​ដឹក​គ្រឿងញៀន​នោះ​គឺ​សមត្ថកិច្ច​មិន​រកឃើញ​ជនល្មើស​ឡើយ​។​

​លោក​ថា​៖ «​ជនល្មើស​បាន​រត់គេច​ខ្លួន​ហើយ​មកដល់​ថ្ងៃនេះ ​[៩​មិថុនា​]​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀតហើយ​»​។​

​លោក​ឱ្យដឹងថា ចំពោះ​គ្រឿង​ញៀន​ដែល​រកឃើញ​នៅក្នុង​រថ​យន្ត​នោះបាន​ដឹក​ចេញពី​ប្រទេស​ឡាវ​តែ​មិនទាន់​ដឹងថា ក្រុម​ជន​​ល្មើស​លួច​ដឹក​ទៅ​គោលដៅ​ណា​គឺ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ទេ​។ បើ​ដឹង​ច្បាស់​លុះត្រា​ណា​តែ​ចាប់បាន​អ្នកប្រព្រឹត្ត​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ប្រាប់​នៅ​ថ្ងៃទី​ ៩ កក្កដា​ដែរ​ថា កាលពី​វេលា​ម៉ោងជាង ​១១​ យប់​ថ្ងៃទី​ ៧ ​កក្កដា មាន​រថយន្ត​ ១ ​គ្រឿង​ពណ៌​ស​ម៉ាក SANTAF-EA ពាក់​ស្លាក​លេខ​របស់​ប្រទេស​ឡាវ 3777 បាន​បើក​បុក​របាំង​ថ្ម​មុខផ្ទះ​ប្រជាពលរដ្ឋ នៅ​ផ្លូវ​លេខ ៥៩៨ ​ក្នុង​ដែនដី​ខណ្ឌ​សែន​សុខ​។

​ក្រោយ​បង្កហេតុ​រថយន្ត​នោះ​ធ្លាក់​កាង​មុខ​ហើយ​មិនអាច​បើក​ទៅមុខ​រួច ហើយ​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​បាន​ស្ទូច​រថយន្ត​មក​រក្សាទុក​ក៏​ឆែក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​​តា​មីន​ចំនួន ​១០៣ ​គីឡូក្រាម​។​«​អ្នកជិះរថយន្ត​នោះ​គេចខ្លួនបាត់​ហើយ​កម្លាំង​សមត្ថកិច្ច​របស់ខ្ញុំ​កំពុងធ្វើការ​តាម​ជំនាញ​ដើម្បី​ស្វែងរក​ជនល្មើស​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds