គ្រឿងញៀនជាង២តោនដែលបង្រ្កាបបានក្នុងខេត្តចំនួន៣ត្រូវដុតបំផ្លាញចោល

(ខេត្តព្រះសីហនុ)៖ គ្រឿងញៀនសរុបចំនួន២,១៥១គីឡូក្រាម ឬស្មើប្រមាណជាង២តោន ដែលសមត្ថកិច្ចបង្រ្កាបបាននៅក្នុងចំនួនបីរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ត្រូវបានដុតបំផ្លាញចោល នៅចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការដុតបំផ្លាញគ្រឿងញៀនទាំងជាង២តោននេះ ធ្វើឡើងក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រឿងញៀនដែលដុតបំផ្លាញទាំងជាង២តោន ជាគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាននៅក្នុងខេត្តចំនួនបី គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពត។ លោកបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុសមត្ថកិច្ចរឹបអូសបានសារធាតុញៀនចំនួន២,០៤៥គីឡូក្រាម និងកញ្ឆាក្រៀម ចំនួន១១គីឡូក្រាម ដែលមានសំណុំរឿងព្រហ្មទណ្ឌចំនួន៧១សំណុំរឿង។ ខេត្តកំពង់ស្ពឺ រឹបអូសបានសារធាតុញៀន ចំនួន៩២គីឡូក្រាម ដែលមានសំណុំរឿងព្រហ្មទណ្ឌចំនួន២១៦សំណុំរឿង និងខេត្តកំពតរឹបអូសបានសារធាតុញៀន ចំនួន១គីឡូក្រាម និងកញ្ឆាក្រៀម ចំនួន៤១.១២ក្រាម ដែលមានសំណុំរឿង១០៧សំណុំរឿង។

ថ្លែងក្នុងពិធីដុតបំផ្លាញគ្រឿងញៀននេះដែរ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ កម្ពុជាបានប្រារពពិធីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបន្តបន្ទាប់ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ហើយស្របទៅនឹងបរិបទរបស់ពិភពលោក។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា គ្រឿងញៀន គឺវត្ថុដ៏ចង្រៃគ្រោះថ្នាក់ និងជាវត្ថុមួយដ៏កាចសាហាវ ដែលមិនត្រឹមតែអាចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់បុគ្គលជាអ្នកប្រើប្រាស់ និងថែមទាំងបំផ្លាញដល់ក្រុមគ្រួសាររបស់បុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះផងដែរ។ លោកថា បើបុគ្គលណាដែលមានសារធាតុញៀនចូលក្នុងខ្លួនហើយ នោះអ្នកទទួលរងគ្រោះមិនមែនមានតែបុគ្គលតែម្នាក់នោះទេ គឺគ្រួសារទាំងមូលដែលត្រូវរងគ្រោះ៕

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds