សមត្ថកិច្ចគយបង្រ្កាបបានទំនិញគេចពន្ធជិត៧ម៉ឺនគីឡូក្រាមដែលដឹកមកពីវៀតណាម
នៅដើមសប្ដាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចគយបានចុះប្រតិបត្តិការបង្ក្រាបទំនិញគេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន១១គ្រឿង ដែលមានដឹកទំនិញទម្ងន់សរុប៦៩,៥២០,០០គីឡូក្រាម និងមានប្រាក់ពន្ធនិងអាករប៉ាន់ស្មានរួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង៤០០លានរៀល។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ការបង្រ្កាបករណីដឹកទំនិញគេចពន្ធនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ។ ជាការកត់សម្គាល់ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ បានកើតមានការប្រឈមមុខដាក់គ្នារវាងមន្រ្តីគយ ជាមួយនិងជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន៣គ្រឿង ដែលគេស្គាល់ថា ជាអ្នកកាងទំនិញមកពីប្រទេសវៀតណាមបានរារាំង និងបានផ្ទុះអាវុធចំនួន៥គ្រាប់ សម្ដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ១គ្រឿងដែលដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក)ពីសមត្ថកិច្ចគយ។ ដោយសារតែពេលយប់ងងឹតពេក និងដើម្បីសុវត្ថិភាព សមត្ថកិច្ចគយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់។
យ៉ាងណា មន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ហើយជនបង្កហេតុដែលផ្ទុះអាវុធមកលើសមត្ថកិច្ចគយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមានរួចហើយ។
គួររម្លឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបានណែនាំជារឿយៗដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ។ ប្រការនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអំពាវនាវដល់អាជីវករ និងពាណិជ្ជករ ឱ្យចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់ជាធរមាន។ លើសពីនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្ដេជ្ញាថា នឹងបន្តអនុវត្តវិធានការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមខ្លឹមសារយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល៕