កម្ពុជារកចំណូលបានជិត២៣០លានដុល្លារពីការនាំចេញអង្ករ
កម្ពុជារកចំណូលបានសរុបចំនួន២២៩,២៣លានដុល្លារអាមេរិក ពីការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ដោយកម្ពុជាបាននាំចេញអង្ករចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន៥២ប្រទេសលើពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តជាទីផ្សារដែលកម្ពុជានាំចេញអង្ករទៅលក់ច្រើនជាងគេ សរុបចំនួន ១៣៨,៣៦៤តោន គិតជាប្រាក់សរុបចំនួន ៨៨,៩៦លានដុល្លារអាមេរិក។ ទីផ្សារបន្ទាប់ គឺទ្វីបអឺរ៉ុបដែលមាន២៥ប្រទេស ដោយកម្ពុជានាំចេញអង្ករទៅលក់ចំនួន ១២២,១១៧តោន គិតជាប្រាក់សរុបចំនួន ៨៦,៦៧លានដុល្លារអាមេរិក។
ក្រៅពីនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសជាសមាជិកអាស៊ានចំនួន៤ បរិមាណចំនួន ២៨,១១០តោន គិតជាទឹកប្រាក់ចំនួន ១៨,៨៧លានដុល្លារអាមេរិក និងនាំចេញទៅកាន់គោលដៅផ្សេងៗនៅតំបន់អាហ្រិក និងមជ្ឈឹមបូព៌ា និងចំនួន២១គោលដៅផ្សេងទៀតបានបរិមាណចំនួន ៤១,០៤២តោន គិតជាទឹកប្រាក់ចំនួន ៣៤,៧៣លានដុល្លារអាមេរិក។ យ៉ាងណា សហព័ន្ធស្រូវអង្ករកត់សម្គាល់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន៖ ហ្វីលីពីន និងព្រុយណេ។
សូមបញ្ជាក់ថា ក្នុងបរិមាណអង្ករដែលកម្ពុជានាំចេញរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥,០៨ភាគរយ អង្ករសគ្រាប់វែង ១១,៣៤ភាគរយ អង្ករសគ្រាប់ខ្លី ០,១៤ភាគរយ អង្ករចំហ៊ុយ ២,៤២ភាគរយ អង្ករសរីរាង្គ ១,០២ភាគរយ។ ទន្ទឹមនឹងការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវកាន់ប្រទេសជិតខាងចំនួន ២,២២៤,៩១៣តោន គិតជាទឹកប្រាក់សរុបចំនួន ៥៧៨,៦៧លានដុល្លារអាមេរិក ដែលក្នុងនោះមានចំនួន៥៥ភាគរយ ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕