ធនាគារជាតិព្យាករថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះនឹងមានកំណើនប្រមាណ៥,៥%

ធនាគារជាតិនៃកម្ពុជា ព្យាករសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ នឹងមានកំណើន ៥,៥ ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ ភាគរយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២២ នៅថ្ងៃទី ៦ ខែ កក្តដា ឆ្នាំ២០២៣នេះថា ហានិភ័យសក្តានុពលចម្បងៗមានប្រភពពីកត្តាខាងក្រៅ ដោយសារការ​បើក​ចំហរសេដ្ឋកិច្ច ក៏ដូចជាការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា។ ដោយហានិភ័យមួយមានដូចជា៖ ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា។

ក្រៅបញ្ហាខាងលើ គឺមានការអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់​កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ​និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើន​ឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុន អាចកាត់បន្ថយការវិនិយោគ​ក្នុងស្រុកផងដែរ។

ទន្ទឹម​នឹងហានិភ័យខាងក្រៅ, ហានិភ័យសក្តានុពលខាងក្នុង ក៏ត្រូវយកចិត្តទុកដាក់ និងតាមដាន​ផងដែរ ដែលក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ជាក់ស្តែងក្នុងរយៈពេលប្រមាណ ១ ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាង​ឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុក ដោយសារវិបត្តិកូវីដ និងការងើប​ឡើងក្នុង​ស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។

ស្ថានភាពនេះ​ទាមទារឱ្យ​មានការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន ​ជាពិសេសលើការផ្តល់​ឥណទានទៅ​កាន់​វិស័យ​អចលនទ្រព្យ ព្រមទាំង​ពង្រឹងកិច្ច​សហការយ៉ាង​ជិតស្និត​រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បី​គ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds