គ្រួសារងាយរងហានិភ័យ អាចទៅបើកប្រាក់ឧបត្ថម្ភ លើកទី៣ ចាប់ពីថ្ងៃទី១០

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម អះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភ លើកទី៣ ជូនគ្រួសារងាយរងហានិភ័យដែលបានកំណត់អត្តសញ្ញាណរួច ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ចាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោកបណ្ឌិត ចន ណារិទ្ធ អោយដឹងថា កម្មវិធីជំនួយសង្គមមួយគ្រាសម្រាប់គ្រោះអាសន្ននេះ ត្រូវបានរាជរដ្ឋាភិបាលប្រកា​សដា​ក់ឱ្យអនុវត្ត និងធ្វើការបើកផ្ដល់ចំនួន ៣លើក លើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២,  លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, និង ​លើកទី៣ ចាប់ពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបានគ្របដណ្ដប់លើគ្រួសារគោលដៅចំនួនប្រមាណជាង ៥០ម៉ឺនគ្រួសារ ឬមានសមាជិកចំនួន ១ ៨៣៣ ៣៤៤នាក់ ដោយចំណាយថវិកាសរុបចំនួនជាង ៤០លានដុល្លារ

លោកបណ្ឌិត បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឈ្លាសវៃ, ប្រាកដនិយម, និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គុទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋកម្ពុជា ស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋនណាម្នាក់”។ ជាមួយគ្នានេះដែរលោកបណ្ឌិត សូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ ទៅបើកប្រាក់ឧបត្ថម្ភលើកទី៣នេះ ពីរាជរដ្ឋាភិបាល តាមកាលបរិច្ឆេទដូចបានកំណត់។

 

សូមជម្រាបជូនថា ក្រោយពីការបង្កើតឡើងនៅឆ្នាំ២០១៧​ «ក្រុមប្រឹក្សាជាតិគាំពារសង្គម» បំពេញតួនាទីជាសេនាធិការតែមួយរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្របសម្រួលលើការរៀបចំគោលនយោបាយ​ ការកែទម្រង់ស្ថាប័នពាក់ព័ន្ធក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជា៖ (១) ការរៀបចំរចនាសម្ព័ន្ធថ្មីរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), (២) ការបង្កើត និងដាក់ឱ្យដំណើរការ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និង (៣) ការខិតខំកែទម្រង់ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ឱ្យក្លាយជាស្ថាប័នបញ្ជាក់ចំណាយសម្រាប់ប្រព័ន្ធថែទាំសុខភាពសង្គមទាំងមូល។

ថ្មីៗនេះរាជរដ្ឋាភិបាលក៏បាន អនុម័ត និងដាក់ឱ្យអនុវត្តនូវ ​អនុក្រឹត្យស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គម​ ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមបំពេញការងាររបស់និយ័តករសន្តិសុខសង្គម ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមទាំងមូលឱ្យកាន់តែប្រសើរ។ ដោយឡែកសម្រាប់កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩​ រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់នេះ ក្នុងឆ្នាំ២០២៣ទៀត ដើម្បីបន្តជួយគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងដំណាក់កាលនៃការស្ដារជីវភាពឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds