រថយន្តបុកនិងម៉ូតូសណ្តោងរុឺម៉កបណ្តាលឱ្យមនុស្សម្នាក់ស្លា.ប់និងអ្នករួមដំណើរ៤នាក់រងបួសនៅក្រុងសៀមរាប
(ខេត្តសៀមរាប)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ និងអ្នករួមដំណើរ ០៤នាក់ទៀតរងបួស ត្រង់ចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅលេីផ្លូវពីស្តុបឈ្នះឈ្នះទៅផ្លូវហ៊ុនសែនសន្តិភាព ដោយរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-2324 អ្នកបេីកបរ (គេចខ្លួន មិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនិងម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1D-4308 បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស (ស្លាប់) រស់នៅភូមិប្រិយ៍ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច ដែលមានអ្នករួមដំណើរជាមួយចំនួន ០៤នាក់ ស្រី០២នាក់ (រងរបួសស្រាល) ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តខាងលើ បើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕