បក្សធម្មាធិបតេយ្យដាក់ចេញគោលនយោបាយអាទិភាព៨ សម្រាប់ការបោះឆ្នោតខាងមុខ

សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សធម្មាធិបតេយ្យរបស់លោកស្រី ពោធិតី សាវត្ថី ដាក់ចេញគោលនយោបាយអាទិភាពចំនួន៨។

គោលនយោបាយគណបក្សធម្មាធិបតេយ្យ គឺប្រកាន់យកគោលការណ៍មាតាធិបតេយ្យ និងភាពយុត្តិធម៌ចំពោះប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលក្នុងនោះ គោលនយោបាយអាទិភាពចម្បងរបស់គណបក្សនេះ គឺផ្ដោតលើការដោះស្រាយជម្លោះដីធ្លី បំបាត់អំពើពុករលួយ កំណែទម្រង់ប្រព័ន្ធតុលាការ និងដោះស្រាយបញ្ហាសង្គមផ្សេងៗ ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ ការដាក់គោលនយោបាយលើការដោះស្រាយបញ្ហាដីធ្លីបន្ទាប់ពី ប្រធានបក្សរូបនេះ មើលឃើញអំពីបញ្ហាដីធ្លីជាច្រើនកំពុងតែមានបញ្ហា ពោលគឺក្នុងរយៈពេល៥ឆ្នាំ ដែលលោកស្រីបានចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

គណបក្សធម្មាធិបតេយ្យ ក៏នឹងផ្ដោតជាសំខាន់ទៅលើការងារកែទម្រង់ប្រព័ន្ធកសិកម្ម ការរៀបចំប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាកសិករអាចប្រើប្រាស់ទឹកបានគ្រប់គ្រាន់ក្នុងវិស័យកសិកម្ម និងកាត់បន្ថយទឹកជំនន់។ នៅក្នុងនោះ គណបក្សនេះ ក៏សន្យាខិតខំស្វែងរកទីផ្សារសម្រាប់កសិផល និងផលិតផលផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យល្អប្រសើររបស់ប្រជាកសិករ និងកម្មករ។

ទន្ទឹមនេះ គោលនយោបាយគណបក្សធម្មាធិបតេយ្យ ក៏នឹងកែទម្រង់ប្រព័ន្ធសុខាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានភាពល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ខណៈការកែទម្រង់លើប្រព័ន្ធអប់រំ គឺគណបក្សនេះ នឹងផ្តល់ប្រាក់កម្ចីឥតការប្រាក់សម្រាប់និស្សិតបន្តការសិក្សា ព្រមទាំងដាក់បន្ថែមម៉ោងសិក្សាលើមុខវិជ្ជាសាសនា និងគុណធម៌ ដែលបង្រៀនដោយព្រះសង្ឃ។ លើសពីនេះគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាអ្នកដឹកនាំ ក៏បានដាក់បញ្ចូលគោលនយោបាយសញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយកម្ពុជាផងដែរ។

ប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី ត្រូវបានសមាជិកជ្រើសជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលដែលគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា លោកស្រី ពោធិតី សាវត្ថី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សធម្មាធិបតេយ្យ នៅមណ្ឌលខេត្តបន្ទាយមានជ័យ។ ទន្ទឹមនេះ គណបក្សរបស់លោកស្រី ពោធិតី សាវត្ថី ក៏បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត…៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds