គ ជ ប កងកម្លាំង៣ ប្រភេទ ជិត២ម៉ឺននាក់ ត្រៀមការពារក្នុងអំឡុងពេលការឃោសនាបោះឆ្នោត
(ភ្នំពេញ)៖ កម្លាំងចំនួន៣ប្រភេទ រួមមានប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ទី២ កម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ និងផ្នែកសឹករងក្រុង ស្រុក ខណ្ឌចំនួន ១៩,៧២៤នាក់ នឹងត្រូវដាក់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ថ្លែងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានដឹកនាំ ដើម្បីចូលរួមការពារសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈបញ្ជារការ- សន្តិសុខ និងគ ជ ប ដាក់ចេញ នូវសេចក្ដីណែនាំរួមក្នុងការ រៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ដើម្បីកំណត់យន្តការ/រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ព្រមទាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឱ្យយកចិត្តទុកដាក់សហការអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានរៀបចំកម្លាំងការពារយុទ្ធនាការ ឃោសនាបោះឆ្នោត។
គោលដៅការពារការឃោសនាបោះឆ្នោត គឺស្ថិតនៅទាំង ១,៦៥២ឃុំ សង្កាត់ រយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវបានចាត់ចែង កម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ និងជុំវិញ បរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានអំពើហិង្សា ឬបង្កការអុកឡុក ការរំខាន ណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់គ្រប់គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបេក្ខជនគ្រប់ៗរូប។
ភ្នាក់ងារសន្តិសុខបោះឆ្នោត មិនត្រូវទៅឈរក្បែរ ឬដើរកៀកពេកទៅនឹងទីតាំង ឬក្បួនឃោសនា ឬស្ថិតនៅក្នុងបរិវេណនៃអង្គពិធីឃោសបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។ ជាមួយគ្នានេះដែរ គ ជ ប ក៏បានដាក់ចេញនូវសេក្ដីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ផងដែរ៕