សត្វព្រៃកម្រ៣ប្រភេទត្រូវបានរកឃើញបន្ថែមនៅក្នុងដែនជម្រកភូមិសាស្ត្រខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ រកឃើញសត្វព្រៃកម្រចំនួន៣ប្រភេទ ដោយម៉ាស៊ីនថតស្វ័ប្រវត្តិ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងត្រូវបានកត់ត្រាបញ្ជាក់ពីវត្តមានបន្ថែម បន្ទាប់ពីការសិក្សារយៈពេលជាង៣ខែ ក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» ហៅ​កាត់ថា CSLEP ។

ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេស​ភាព​ និងទេសចរណ៍ធម្មជាតិ កម្ពុជា» បានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិ ចំនួន២០គ្រឿង ដែលបានដាក់សិក្សារយៈពេលជាង៣ខែ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

បើតាមគម្រោង «និរន្តរ​ភាព​តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅ​កាត់ថា CSLEP បានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះ ប្រមូល​ពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុង​នោះ​រួម​មាននៅចំណុច ដំណាក់ត្រប អូរល្ហុង ស្ទឹងក្រហម ថ្មយ៉ន ថ្មធំ ខ្មោចចាម ខ្នងស្រល់ និងដំណាក់យានលន់បានដោយជោគជ័យ។ ជាលទ្ធផលជា​បឋម ការសិក្សានេះបានរក​ឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយ​ការណ៍​ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP នៃក្រសួងបរិស្ថាន។

សត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន ៣ប្រភេទផ្សេងទៀត ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះ។ ប្រភេទសត្វព្រៃទាំង​នេះ​រួមមាន៖ ពង្រូល ខ្លាលឿង មាស សត្វយំឬសត្វចាំត្រពាំង។ សូមគោរពជម្រាបជូនផង​ដែរថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃ​សំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការ​អនុវត្ត​ផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលការឯកភាពពី​ក្រសួង​បរិស្ថាន​នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds