ឯកឧត្តម កើត រិទ្ធ៖ វិសោធនកម្មច្បាប់បោះឆ្នោតមិនធ្វើឱ្យប្រាស់ចាកនឹងរដ្ឋធម្មនុញ្ញនោះទេ
(ភ្នំពេញ) ៖ ថ្លែងក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ដើម្បីសុំឱ្យអង្គព្រឹទ្ធសភាឱ្យយោបល់ នៅថ្ងៃទី២៩ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា វិសោធនកម្មច្បាប់បោះឆ្នោត ដែលតម្រូវឱ្យអ្នកមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវអនុវត្តឱ្យបាននូវសិទ្ធិបោះឆ្នោត មិនបានធ្វើឱ្យប្រាស់ចាកនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជានោះទេ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការវិសោធនកម្មច្បាប់បោះឆ្នោតនេះ មិនមានការខុសច្បាប់អ្វីនោះទេ គឺធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកគុណតម្លៃស្នូល នៃលទ្ធិប្រជាធិបតេយ្យ និងការពារដំណើរការ នៃការបោះឆ្នោតនាពេលខាងមុខផងដែរ ។ នៅពេលច្បាប់នេះ ចូលជាធរមានរាជរដ្ឋាភិបាល និងចូលរួមសហការអនុវត្តមានប្រសិទ្ធភាពខ្ពស់ និងភាពម៉ឺងម៉ាត់ ជាមួយនឹងស្ថាប័នដែលមានការពាក់ព័ន្ធ ទៅតាមមុខងារ និងភារកិច្ចរៀងខ្លួន ដែលមានកំណត់ក្នុងច្បាប់ ដើម្បីជាផលរបស់ប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី វិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺស្របទៅនឹងមាត្រា៩៦ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ និងសង្គមប្រជាធិបតេយ្យដ៏ត្រឹមត្រូវ។ សំណើធ្វើវិសោធនកម្មនេះ ក៏ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា៣៤ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បន្តថា ការទៅបោះឆ្នោត ឬ ការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ច ដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ តែអ្វីដែលតម្រូវជាកាតព្វកិច្ចនោះ គឺបុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យជាអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ រាជធានី-ខេត្ត ក្រុង-ស្រុង។
ក្រោយពីស្តាប់ការពន្យល់នេះ សមាជិក សមាជិកាព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គ ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឯកភាពដោយឱ្យយោប់លើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរួមមាន៨មាត្រា ដោយសំឡេងគាំទ្រ៥៩សំឡេង នៃសំឡេងព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជា បណ្តោះអាសន្ននូវ»សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ៕