មហាផ្ទៃ៖ សេចក្តីព្រាងច្បាប់បោះឆ្នោត មិនបានធ្វើឱ្យប៉ះ​ពាល់​ដល់​សិ​ទ្ធិ​បោះឆ្នោតរប​ស់ប្រ​ជា​ព​ល​រ​ដ្ឋ​នោះ​ទេ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ អះអាងថា«សេចក្តីព្រាងច្បាប់វិសោធនកម្ម​ច្បាប់បោះឆ្នោត» មិនបានធ្វើឱ្យប៉ះ​ពាល់​ដល់​សិ​ទ្ធិ​បោះឆ្នោតរប​ស់ប្រ​ជា​ព​ល​រ​ដ្ឋ​នោះ​ទេ។ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយ​រដ្ឋ​ធ​ម្ម​នុ​ញ្ញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចបានកំណត់នៅតាម​បណ្តា​ប្រទេស​ប្រជាធិ​បតេយ្យសេ​រីមួ​យ​ចំនួននោះដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានអោយដឹងថា ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូច​មាន​ចែ​ង​​នៅក្នុងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានធ្វើឡើងស្របតាម​ស្មារតី​នៃរដ្ឋធម្មនុញ្ញ ត្រង់វា​ក្យ​ខ​ណ្ឌ​ទី៥ នៃមាត្រា ៣៤ថ្មី ( មួយ ) ដែលចែងថា «បទប្បញ្ញត្តិ​ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវ​កំ​ណ​ត់​​ក្នុងច្បាប់»។ ក្រសួងមហាផ្ទៃ បន្ថែមថា ការធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោត គឺសំដៅទប់ស្កាត់​សកម្មភាព​ ដែលធ្វើឱ្យ​ប៉ះ​ពា​ល់​​ដល់សិទ្ធិ​បោះឆ្នោតរបស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូច​ដល់​កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត​។

ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ បញ្ជាក់ថា «សេចក្តីព្រាងច្បាប់នេះ មិនបានធ្វើឱ្យ​ប៉ះពាល់ដល់​សិទ្ធិបោះឆ្នោតរបស់​ប្រជា​ព​ល​​រ​ដ្ឋ​នោះ​ទេ​ ដោយ «ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបាន​ធានា​ដោ​យរ​ដ្ឋ​ធ​ម្ម​នុ​ញ្ញ និងក៏ពុំមែន​ជាកាតព្វកិច្ច ដូចបានកំណត់​នៅតាម​បណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួននោះដែរ​។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់​ការទទួលខុសត្រូវ​របស់ប្រជាពលរដ្ឋ ចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងនាមជាប្រជាពលរដ្ឋល្អ និងជាគំរូល្អ នៅក្នុងសង្គម​ប្រជាធិបតេយ្យ»។

សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី មានមាត្រាធំចំនួន៤ដែលបានធ្វើវិសោធនកម្មនៅពេលនេះ ដោយរាប់ចាប់តាំងការធ្វើវិសោធនកម្មការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ៕

ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិទី៥​ បិទបញ្ចប់ហើយ​ត្រឹម​ម៉ោង ៣រសៀលថ្ងៃទី៥  មិថុនា — ខ្មែរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds