របរចិញ្ចឹមឃ្មុំជួយរកចំណូលបន្ថែមជូនពលរដ្ឋសហគមន៍តាខេះមានជ័យ៣០គ្រួសារក្នុងស្រុកសំឡូត

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារ រស់នៅក្នុងសហគមន៍តាខេះមានជ័យក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បាននិងកំពុងប្រកបរបរចិញ្ចឹមសត្វឃ្មុំយកទឹកឃ្មុំលក់ ដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីមុខរបរធ្វើចម្ការរបស់ពួកគេ។ ចំពោះបច្ចេកទេសនៃការចិញ្ចឹមឃ្មុំនេះ គឺតាមបែបធម្មជាតិ ដោយប្រជាសហគមន៍ដាក់ធុងតាមតំបន់ដែលសម្បូរផ្ការុក្ខជាតិ។

លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំ នៃមូលនិធិម៉ាកដក្សចូលីភីត(MJP)បានឱ្យដឹងថា ការចិញ្ចឹមឃ្មុំមួយធុងបានផ្តល់ជាទឹកឃ្មុំចន្លោះពី៥ទៅ៧លីត្រ រយៈពេលពី១០ទៅ១៤ថ្ងៃ ហើយទឹកឃ្មុំនេះគេអាចលក់ក្នុងតម្លៃ៧ម៉ឺនរៀលក្នុងមួយលីត្រ។ លោកគូសបញ្ជាក់ថា៖ ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារនៅក្នុងសហគមន៍តាខេះមានជ័យដែលបានប្រកបរបរចិញ្ចឹមឃ្មុំ ហើយបច្ចុប្បន្នជីវភាពរបស់ពួកគេមានភាពល្អប្រសើរ បើធៀបកាលពីពួកគេមិនទាន់ចេះចិញ្ចឹមឃ្មុំ។

លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំ នៃមូលនិធិម៉ាកដក្សចូលីភីត(MJP)

លោក ឌុក ម៉េង ប្រធានសហគមន៍ព្រៃឈើ ភូមិកញ្ចាំង ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា សហគមន៍តាខេះមានជ័យមានទំហំដីសរុប៤០០ហិកតា។ ប្រជាសហគមន៍នេះបានចាប់ផ្តើមចិញ្ចឹមឃ្មុំ តាំងពីឆ្នាំ២០១៨មកម្លេះ។ លោកថា ការចិញ្ចឹមសត្វឃ្មុំបានផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ពីព្រោះថា ក្រៅពីជួយបង្កាត់កេសរផ្លែឈើឱ្យជាប់ផ្លែច្រើនហើយ ទឹករបស់វាគេនៅអាចលក់សម្រាប់រកប្រាក់កម្រៃសម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៀតផង។

លោក ឌុក ម៉េង ប្រធានសហគមន៍ព្រៃឈើ ភូមិកញ្ចាំង

ប្រធានអ្នកចិញ្ចឹមសត្វឃ្មុំរូបនេះបន្តថា កាលពីមុនមក ធុងដែលជាសម្បុកឃ្មុំមានប្រមាណ១៨០ធុង ប៉ុន្តែនៅពេលបច្ចុប្បន្ននៅសល់ត្រឹម៨០ធុង ឬប្រមាណ១០០ធុងប៉ុណ្ណោះ ដោយសាររដូវក្តៅទើបកន្លងផុតទៅថ្មីៗមកនេះ។ លោកបញ្ជាក់ថា ឃ្មុំចិញ្ចឹមដែលសហគមន៍កំពុងចិញ្ចឹម យកពូជបង្កាត់មកពីប្រទេសប៉ែកអឺរ៉ុប ហើយមូលនិធិម៉ាដក្សជូលីភីតបានបង្ហាត់បង្រៀន ក្នុងការចិញ្ចឹមសត្វឃ្មុំ ឱ្យស្គាល់ពីតម្លៃនៃការចិញ្ចឹមឃ្មុំ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា មុខរបរចិញ្ចឹមឃ្មុំគឺជាមុខរបរបន្ថែមរបស់ប្រជាសហគមន៍ក្រៅពីការធ្វើចម្ការដូចជា៖ ការដាំដើមទុរេន ដាំសាវម៉ាវ និងដាំដើមតាង៉ែនជាដើម។ លោកថា ក្រៅពីយកធ្វើឱសថសម្រាប់ព្យាបាលជំងឺ ទឹកឃ្មុំក៏ជាអាហារផ្ដល់នូវសារជាតិចិញ្ចឹមដល់រាងកាយផងដែរ។ ចំពោះប្រភពទឹកឃ្មុំបែងចែកជាពីរប្រភេទរួមមាន៖ ទឹកឃ្មុំមកពីព្រៃធម្មជាតិ និងទឹកឃ្មុំចិញ្ចឹម។ អ្នកនាំពាក្យក្រសួងបរិស្ថានចាត់ទុកការចិញ្ចឹមសត្វឃ្មុំជាផ្នែកមួយសំខាន់ ដើម្បីការពារ និងថែរក្សាពូជឃ្មុំផង និងជាការចូលរួមបង្កើនជីវភាពរបស់ប្រជាពលរដ្ឋផង។ ជាពិសេសនោះ គឺអាចធ្វើឱ្យប្រជាសហគមន៍កាត់បន្ថយការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន

ទឹកឃ្មុំកម្ពុជាកំពុងក្លាយជាផលិតផលដ៏សំខាន់សម្រាប់ទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស ជាក់ស្ដែងដូចជាទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ ធ្វើឡើងក្នុងគោលដៅផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ និងកេរ្តិ៍ឈ្មោះ ព្រមទាំងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds