សហគមន៍ តាខេះមានជ័យ រួមគ្នាដាំដើមឈើឡើងវិញ ដើម្បីបង្កើនចំណី សម្រាប់ការចិញ្ចឹមសត្វឃ្មុំ
ខេត្តបាត់ដំបង ៖ ដើម្បីរួមគ្នាបង្កើនចំនួនព្រៃឈើ ឲ្យសម្បូរបែប និងមានព៌ណបៃតងស្រស់បំព្រងឡើងវិញ តំបន់សហគមន៍ តាខេះមានជ័យ ស្ថិតក្នុងស្រុកសំឡូត ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង និងមូលនិធិ ម៉ាដក្ស ចូលីភីត (MJP) បានរួមគ្នាដាំដើមឈើឡើងវិញ។
ការដាំដើមឈើនេះ ក៏ជាផ្នែកមួយស្តារឡើងវិញ នៃព្រៃឈើ ដែលរិចរិល នាកន្លងមកផងដែរ និងបានផ្តល់អំណោយផល ចំពោះការបង្កើនចំណី សម្រាប់ការចិញ្ចឹមសត្វឃ្មុំ ស្របដែលក្នុងតំបន់នេះ មានប្រជាសហគមន៍ ជាង៣០គ្រួសារ បាននាំគ្នាប្រកបរបចិញ្ចឹមសត្វឃ្មុំ ដែលមុខរបនេះ បានជួយធ្វើពួកគាត់ដោះស្រាយជីវភាពក្នុងគ្រួសារផងដែរ។
ប្រជាសហគមន៍នៅតំបន់សហគមន៍ តាខេះមានជ័យ អ្នកមីង ជ័យ រ៉ង បានឲ្យដឹងថា រាល់ថ្ងៃ អ្នកមីង បានប្រកបរបចិញ្ចឹមឃ្មុំយកទឹក ដើម្បីលក់ ។ ការចិញ្ចឹមឃ្មុំនេះ បានធ្វើឲ្យគ្រួសារអ្នកមីង ដោះស្រាយការលំបាក ក្នុងគ្រួសារ បានដូចការសិក្សារបស់កូនរៀន ការចំណាយលើម្ហូបអាហារ បង់ការប្រាក់ធនាគារ ជាដើម។ អ្នកមីង ថា តំបន់សហគមន៍តាខេះនេះ ដែរបានផ្តល់អំណោយផល ក្នុងការចិញ្ញឹមឃ្មុំ សម្រាប់ប្រជាសហគមន៍។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីររសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចូលរួមដាំដើមឈើឡើងវិញ ស្ថិតនៅក្នុងសហគមន៍តាខេះមានជ័យ ដែលជាតំបន់ស្តារព្រៃឡើងវិញ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីមើលពីការរបៀបចិញ្ចឹមសត្វឃ្មុំ ។ លោកបញ្ជាក់ថា« ឈើដែលបានជ្រើសរើសដាំ មានប្រភេទ បេង នាងនួន ធ្នុងជាដើម។ ក្រៅពីនេះ ក៏មានដាំដើមត្របែកព្រៃ ដើមគ ដែលប្រភេទដើមឈើ មានផ្កាផ្តល់មកវិញ នូវផលសម្រាប់សត្វឃ្មុំ និងក្រៅពីនេះ ក៏មានផ្កាប្រភេទផ្សេងៗទៀត ដែលមានលម្អង។ ការដាំនេះ ក៏សម្រាប់ស្តារឡើងវិញ នៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណី សម្រាប់សត្វឃ្មុំដែរ ព្រោះថា សហគមន៍មួយនេះប្រជាពលរដ្ឋ បានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋ ក្រៅពីធ្វើចំការ» ។
លោកបន្ថែមថា «នេះជាចំណុចមួយ ដែលយើងមើលឃើញថា សហគមន៍គាត់ចាប់ផ្តើមយល់ ហើយពួកគាត់ បានទទួលការបង្ហាត់បង្រៀនបច្ចេកទេស ពីអង្កការដៃគូ ដើម្បីរៀនរបៀបចិញ្ចឹមឃ្មុំ ក្នុងសហគមន៍ ក្នុងការបង្កើនចំណូល។ ការដាំស្តារឡើងវិញ នៃព្រៃឈើសហគមន៍របស់គាត់ មិនត្រឹមផ្តល់ផលប្រយោជន៍ជាដើមឈើទេ តែវាក៏ជាផ្នែកមួយបន្ថែមទៀត ដែលអនុញ្ញាត្តិឱ្យពួកគាត់ដាំដើមឈើសម្រាប់សត្វឃ្មុំ ក្រេបលម្អង ដើម្បីបានទឹកឃ្មុំលក់»។
ចំណែកលោក សេង សម័យ នាយរងរដ្ឋបាលព្រៃឈើ ស្រុកសំឡូត ថ្លែងថា ក្នុងសហគមន៍ព្រៃឈើតាខេះមានជ័យ បានចូលរួមដាំស្តារព្រៃឈើឡើងវិញ ព្រមជាមួយការចុះល្បាត ការពារជាប់ជាប្រចាំ។ សហគមន៍មួយនេះ បានដាំដើមឈើចំនួន ៣លើក មកហើយ ដែលសរុបមានចំនួន ១,៤៥០ដើម ដែលជាគម្រោងអង្គការដៃគូ ។ កាលពីមុន ពលរដ្ឋមានការប៉ះដៃ យកដៃ ប៉ះជើងយកជើង ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពួកគាត់បានយល់ជ្រួតជ្រាបពីច្បាប់ព្រៃឈើ និងច្បាប់ធនធានធម្មជាតិ ពួកគាត់មានការខ្លាចរអា ក្នុងការកាប់ទន្ទ្រានព្រៃឈើ និងបទល្មើសផ្សេងៗ ផងដែរ ។
លោក សេង សម័យ បានបញ្ជាក់ប្រាប់ដែរថា ក្នុងស្រុកសំឡូត មានសហគមន៍សរុបចំនួន ១៤សហគមន៍។ នាពេលបច្ចុប្បន្ន ប្រជាសហគមន៍ តាមតំបន់ព្រៃឈើ តែងអាស្រ័យផល ក្នុងការរកទឹកឃ្មុំ រកផ្សិត បន្លែបង្កានានា ដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។
សូមជម្រាបថា កាលពីពេលកន្លងមករដ្ឋមន្ត្រីក្រសួងបរិស្ថាន មានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃសទៅជាគោលដៅទេសចរណ៍ ឬតំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជាយុទ្ធសាស្ត្រការពារធនធានធម្មជាតិរយៈពេលយូរអង្វែង៕