កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ដែលមានទំហំទឹកប្រាក់ជិត២០០លានដុល្លារ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកកម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ដែលមានទំហំទឹកប្រាក់ជិត២០០លានដុល្លារ ស​ម្រា​ប់​​​​​គម្រោងចំនួន២ គឺគម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរ​ទេ​ស​និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ពិធីចុះហត្ថលេខារួមគ្នានេះ នឹងធ្វើឡើងរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ និងឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ិ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ដោយឡែកចំពោះលិ​ខិ​ត​ប្ដូ​រសារ និងឯកសារពាក់ព័ន្ធ ដែលនឹងចុះហត្ថលេខារួមគ្នា​រួមមាន៖ ទី១ឥណទាន​សម្បទានប្រាក់​យ៉េន ​ដែលមានទឹ​កប្រា​ក់​ចំ​​​នួន ២៣ ៦៩២លានយ៉េន (ឬប្រមាណ ១៧២,៩៣លានដុល្លារអាម៉េរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូ​វជនបទ»។ និងទី២. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២០៨១លានយ៉េន (ឬប្រមាណ ១៥​,​១​៨​លានដុល្លារអាម៉េរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»

គូសបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យបន្ថែមថា ការផ្ដល់ជំនួយខាងលើ​បញ្ជាក់​ពី​កា​រប្ដេជ្ញាចិត្ត​ឥតងា​ករេ​ របស់ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិ​បត្តិការដ៏​ជិតស្និ​ទ្ធរវា​ងប្រទេសទាំងពីរដែលនាពេលថ្មីនេះៗ បានដំឡើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds