ស្នងការខេត្តកំពតទាត់ចោលការចោទប្រកាន់របស់ក្រុមហ៊ុនពិភពដីមាសដែលថាបង្កការរំខានដល់ក្រុមហ៊ុននេះ

(ខេត្តកំពត)៖ កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះសារផ្សព្វផ្សាយ ដោយប្រកាសឱ្យក្រុមហ៊ុនពិភពដីមាស ចូលបំភ្លឺតាមបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទឆបោកមានស្ថានទម្ងន់ទោស។ ក្រោយមក ក្រុមហ៊ុនពិភពដីមាសក៏បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងសំណេររបស់ស្នងការដ្ឋាននរគបាលខេត្តកំពត ដោយក្រុមហ៊ុននេះថា ក្រុមហ៊ុនសោកស្តាយដែលលោកស្នងការខេត្តកំពត បានសរសេរវាយប្រហារដោយមិនចេះស្តាប់ហេតុផល គ្មានគុណធម៌ មកលើក្រុមហ៊ុន ជាពិសេសចំពោះថ្នាក់ដឹកនាំ ដែលមានគោលជំហរដោះស្រាយសម្របសម្រួលជាមួយអតិថិជន ព្រមទាំងបានផ្សព្វផ្សាយតាមរយៈសារព័ត៌មានថែមទៀត។ ក្រុមហ៊ុនពិភពដីមាសបានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្តកំពតជាអ្នកបង្ករការរំខានតាមបណ្តាញសង្គម និងធ្វើឱ្យមានការរង្គោះរង្គើ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត

បន្ទាប់មក ស្នងការដ្ឋាននគរបាលខេត្តកំពតបានឃើញសេចក្តីថ្លែងការណ៍បន្ទាន់របស់ក្រុមហ៊ុនពិភពដីមាស ស៊ិនវេសម៉ិន ឯ.ក ដែលចេញផ្សាយនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ទើបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា ស្ថាប័នរបស់លោកជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុនជាមួយអតិថិជន។

លោក ហ៊ី គីមហុង

 

លោកស្នងការខេត្តកំពតថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋានបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពតចំនួន៣២៣បណ្ដឹង សរុបទឹកប្រាក់ដែលបានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន៦,១៦២,៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ប្រាំពីររយដុល្លារ)។ ទន្ទឹមគ្នានេះលោកស្នងការខេត្តកំពត បានឆ្លើយតបទៅក្រុមហ៊ុនពិភពដីមាសថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម លោកមិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ។

យ៉ាងណាមិញ ក្នុងនាមជាអ្នកអនុវត្តច្បាប់ លោកស្នងការថា បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ គឺកន្លងមកនេះក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូនពួកគេដោយមានកិច្ចសន្យា ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យា ដូច្នេះទើបពលរដ្ឋជាង៣០០គ្រួសារបានទៅជួបលោកអភិបាលខេត្តកំពត និងមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍។

គួររម្លឹកថា កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញលិខិតកោះហៅជាផ្លូវការពីរច្បាប់ ក្នុងនោះគឺស្នងការដ្ឋានបានអញ្ជើញលោក ហ៊ី គីមហុង និងលោក ចេង សង្ហាក់ ឱ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបំភ្លឺតាមបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទឆបោកមានស្ថានទម្ងន់ទោស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds