១០ចំណុចសំខាន់ៗដើម្បីចៀសពី Fake News
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:25 PM
(ដោយ៖ យឺន សីហា)
បច្ចុប្បន្ននេះជាយុគសម័យបច្ចេកវិទ្យា មនុស្សភាគច្រើនទទួលព័ត៌មានតាមអ៊ីនធឺណិតច្រើនជាងអានកាសែត ស្ដាប់វិទ្យុ និងមើលទូរទស្សន៍។ បណ្ដាញសង្គមជាប់លំដាប់លេខមួយក្នុងការចែកចាយព័ត៌មាន។ ជាមួយគ្នានេះ ក៏ជាឱកាសសម្រាប់ព័ត៌មានមិនពិត (Fake News) ចេញផ្សាយយ៉ាងគគ្រឹកគគ្រេងផងដែរ។ បើតាម ភ្នាក់ងារសារព័ត៌មានREUTERS បានស្រង់ទិន្នន័យមកបង្ហាញថា ៧០% នៃព័ត៌មានមិនពិតគឺចែកចាយតាមបណ្ដាញសង្គម Tweeter ។ ភ្នាក់ងារសារព័ត៌មានដដែលបង្ហាញថា Tweeter និង Facebook ជាមុខសញ្ញាក្នុងការស៊ើបអង្កេតរបស់អ្នកច្បាប់អាមេរិក ចំពោះការមិនបានទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ នេះជាសាវតារខ្លះៗទាក់ទិននឹងស្ថានភាពទូទៅនៃការចែកចាយព័ត៌មានមិនពិត (Fake News ឬ Fals News) ។
យោងតាមការណែនាំរបស់ក្រុមហ៊ុន Facebook បានបង្ហាញពីគន្លឹះមួយចំនួនដើម្បីចៀសវាងពីព័ត៌មានមិនពិត ដែលអាចឈានទៅដល់ការរើសអើងក្នុងសង្គម និងបង្កភាពវឹកវរជាដើម។
ទី១ មើលលើចំណងជើង៖Facebook អះអាងថា ព័ត៌មានបំពុល ឬមិនពិតតែងចាប់យកចំណងជើងគួរឲ្យភ្ញាក់ផ្អើល អស្ចារ្យ មិនគួរឲ្យជឿបាន។ កាលណាឃើញចំណងជើងគួរឲ្យចាប់អារម្មណ៍ពេលចុចទៅអាន ឬមើលខ្លឹមសារ គឺគ្មានប្រយោជន៍សោះ ឬអាចនិយាយញុះញង់ផ្លូវចិត្តក៏មាន។
ទី២ មើលលើ Link ឲ្យច្បាស់៖ ចំណុចនេះគេតែងសង្កេតឃើញមានគេហទំព័រព័ត៌មានក្លែងក្លាយជាច្រើនបន្លំ Link ឬឈ្មោះស្រដៀងគ្នានឹងគេហទំព័រដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ឧទាហរណ៍ថា news.sabay.com.kh ជាគេហទំព័រដែលមានក្រមសីលធម៌ត្រឹមត្រូវ និងមានអ្នកតាមដានច្រើន ក៏ប៉ុន្តែមានជនកំហូចខ្លះបានកែប្រែ Link បន្តិចទៅជា newssabaynas.in ដូច្នេះវិញ ហើយបន្លំសរសេរខ្លឹមសារមិនពិត។
ទី៣ ពិនិត្យមើលប្រភព៖ ត្រូវប្រាកដថាព័ត៌មានដែលពិតគឺតែងមានប្រភព ដែលបង្ហាញដោយឈ្មោះ តួនាទី ស្ថាប័ន រូបថតជាអំណះអំណាង។ ហើយមានគេហទំព័រខ្លះទៀតឈានដល់បង្ហាញសមាសភាពអ្នកនិពន្ធព័ត៌មានផង។ ដោយឡែកគេហទំព័រព័ត៌មានមួយចំនួនមិនទាន់ល្បីឈ្មោះ គួរតែចូលទៅឆែកត្រង់ «អំពីយើង» ឬ «About» ។
ទី៤ ពិនិត្យមើលភាពមិនប្រក្រតីមួយចំនួន៖ អ្នកតាមដានព័ត៌មានត្រូវពិនិត្យមើលទម្រង់រូបរាងគេហទំព័រ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ជាដើម។ គេហទំព័រព័ត៌មានក្លែងក្លាយ តែងមានទម្រង់រូបរាងមិនរៀបរយ តាមលំដាប់លំដោយមានលោត Ads រញ៉េរញ៉ៃ ដែលជាប្រភពមេរោគ ចំណែកអក្ខរាវិរុទ្ធ និងវេយ្យាករណ៍មិនសុក្រឹតត្រឹមត្រូវឡើយ។ គេហទំព័រដែលមានវិជ្ជាជីវៈពិតប្រាកដគេចំណាយដើមទុនក្នុងការអភិវឌ្ឍន៍រូបរាងគេហទំព័រ និងប្រើកម្មវិធីសរសេរបែបវិជ្ជាជីវៈ ដែលជួយសម្រួលការប្រកបអក្សរបានយ៉ាងសុក្រឹតបំផុត។
ទី៥ ពិចារណាលើរូបភាព៖ ត្រង់នេះ Facebook បានប្រាប់ថា Fake News តែងដាក់រូបភាព ឬវីដេអូច្រើនជាងអត្ថបទ ហើយពេលខ្លះរូបភាពមិនបានបញ្ជាក់ន័យឲ្យអត្ថបទទេ (គ្រាន់តែដាក់) ។ ពេលខ្លះរូបភាពនោះជារូបពិត ហើយអ្នកសរសេរអត្ថាធិប្បាយដោយគ្មានមូលដ្ឋានគ្រប់ជ្រុងជ្រោយ។ រូបនោះអាចជារូបមកពី Internet ឬជារូបដែលថតបានដោយគ្មានវិជ្ជាជីវៈ។
ទី៦ ពិនិត្យលើកាលបរិច្ឆេទ
ទី៧ ឆែកមើលភស្តុតាងក្នុងព័ត៌មាន ថាតើមានអំណះអំណាងត្រឹមត្រូវទេ ឬគ្រាន់តែសរសេររវើរវាយ? តើមានសមាសភាគអីខ្លះក្នុងរឿងនោះ? មានការចូលរួមពីអ្នកជំនាញណាខ្លះ មានការចូលរួមពីអ្នកដែលរងផលប៉ះពាល់ដែរទេ?
ទី៨ មើលសេចក្ដីរាយការណ៍ព័ត៌មានផ្សេងទៀត។ បើមិនមានស្ថាប័នព័ត៌មានណារាយការណ៍ពីរឿងនោះទេ វាអាចជារឿងកុហក មិនពិត។
ទី៩ ជួនកាលជារឿងកំប្លែងកម្សាន្ត៖ វាលំបាកបែងចែកដែរ រវាងរឿងបែបកំប្លែងកម្សាន្តអារម្មណ៍ និងព័ត៌មានក្លែងក្លាយ។ តែអ្នកតាមដានត្រូវសម្គាល់ដែរថា ប្រភពក្នុងរឿងកំប្លែងប្រតិស្ឋឡើងបែបត្លុក របៀបជាសិល្បៈមួយ ហើយសាច់រឿងគ្រាន់តែដើម្បីកម្សាន្តប៉ុណ្ណោះ។
ទី១០ គិតឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលអ្នកអានព័ត៌មានណាមួយហើយចែករំលែកតែព័ត៌មានចេញពីស្ថាប័នណា ដែលអ្នកទុកចិត្តបំផុត ចៀសវាងចេតនាក្នុងការចែករំលែកព័ត៌មានមិនពិត។
ប្រភព៖ Sabay