សហគមន៍គ្រោងបង្កើតផ្លូវលំថ្មីនៅលើកំពូលភ្នំត្បែងដើម្បីទាក់ទាញទេសចរ
តាមការបញ្ជាក់របស់គម្រោងUSAIDព្រៃឡង់បៃតង បានឱ្យដឹងថា សហគមន៍ចំនួនបីស្ថិតនៅតំបន់ទេសចរណ៍ភ្នំត្បែងគ្រោងនឹងបង្កើតផ្លូវលំថ្មីមួយ នៅលើកំពូលភ្នំត្បែង ដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាមគម្រោងផ្លូវលំនេះមានប្រវែងសរុបប្រមាណជាង២០គីឡូម៉ែត្រ។
(ខេត្តព្រះវិហារ)៖ សហគមន៍ចំនួនបីដែលស្ថិតនៅភ្នំទេសចរណ៍តំបន់ត្បែងក្នុងខេត្តព្រះវិហារ បាននិងកំពុងវាយតម្លៃទីតាំងជាបឋម ដើម្បីសាងសង់ផ្លូវលំថ្មីមួយខ្សែនៅលើកំពូលភ្នំត្បែង ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមការបញ្ជាក់របស់គម្រោង USAID ព្រៃឡង់បៃតង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងUSAIDព្រៃឡង់បៃតង បានឱ្យដឹងថា ផ្លូវលំនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តាំងយូ និងដាតាវឹក។ សមាជិកក្នុងសហគមន៍ទាំង៣បានសិក្សា អំពី ទីតាំងដោយប្រើជំនាញ និងចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលរយៈពេលច្រើនសប្តាហ៍ ស្តីពីកា រអភិវឌ្ឍន៍ផ្លូវលំ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានការគាំទ្រពីធនាគារពិភពលោក ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) និងរៀបចំដោយក្រសួងបរិស្ថាន។ ប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣គីឡូម៉ែត្រ។ តាមគម្រោងផ្លូវលំមួយខ្សែនេះ នឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើដែលទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។
គម្រោងUSAIDព្រៃឡង់បៃតងបញ្ជាក់ថា នៅលើកំពូលភ្នំត្បែង ផ្លូវលំនេះនឹងត្រូវធ្វើកាត់តាមលំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំដែលមាននៅលើភ្នំនេះស្រាប់។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវលំថ្មីនេះសម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវលំនេះមានអមទៅដោយទេសភាពទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃនិងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។ ក្រៅពីនេះ ក៏មានកន្លែងបោះជំរុំនៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាចស្នាក់នៅទីនោះបាន។ ចុងបញ្ចប់នៃផ្លូវនេះនឹងបញ្ចប់នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរអាចចុះពីភ្នំត្បែង តាមរយៈជណ្តើរឈើមួយផ្សេងទៀត។ ផ្លូវលំនេះក៏អាចងាយស្រួលសម្រាប់ការជិះកង់លើភ្នំ ដែលកង់ក៏មានសម្រាប់ជួលនៅលើកំពូលភ្នំត្បែងនេះ។
គម្រោងUSAIDព្រៃឡង់បៃតង ចាត់ទុកការធ្វើផ្លូវលំថ្មីនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងនិរន្តរភាព ផ្ដល់ជូននូវពិសោធន៍ថ្មីដល់អ្នកទេសចរ និងអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានថែមទៀត។ ជាពិសេសផ្លូវថ្មីនេះនឹងក្លាយជាចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទស្សនាទៅកាន់សហគមន៍អេកូទេសចរណ៍។ ផ្លូវលំគួរតែត្រូវបានរចនាឡើងដើម្បីបង្កឱ្យមានភាពងាយស្រួលក្នុងការចូលទៅកាន់កន្លែងកម្សាន្ត ហើយជាមួយគ្នានោះដែរអាចធ្វើឱ្យភ្ញៀវទេសចរ កាន់តែនៅជិតជាមួយនិងធម្មជាតិតាមរយៈទីតាំង និងរូបរាងរបស់ផ្លូវលំ។
សូមបញ្ជាក់ថា នៅពេលដែលការពិនិត្យ និងវាយតម្លៃលើផ្នែកបរិស្ថានសម្រាប់ផ្លូវលំថ្មីនៅលើភ្នំត្បែងនេះត្រូវបានបញ្ចប់ សមាជិកសហគមន៍នឹងដាក់សំណើទៅអាជ្ញាធរឃុំ ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដើម្បីការគាំទ្រហិរញ្ញវត្ថុក្នុងការបង្កើតផ្លូវទេសចរណ៍នេះ៕