ផ្ទុះសារជាថ្មី! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានទៅតាមផ្លូវច្បាប់ ជាធរមាន ចំពោះរូបភាពអាស មួយសន្លឹករបស់ ឯម រៀម

ភ្នំពេញ៖ កាលពីប៉ុន្មានខែកន្លងទៅនេះ ប្រិយមិត្តច្បាប់ជានៅចាំអំពី ការរិះគន់យ៉ាងខ្លាំង មិនសំចៃមាត់របស់មហាជនព្រោងព្រាត ដូចថ្មបាក់ ពេញប្រព័ន្ធបណ្ដាញសង្គម ទៅលើកំពូលអ្នកច្នៃម៉ូត ដ៏ពូកែ មានទេពកោសល្យម្នាក់ គឺលោក ឯម រៀម​ ទៅលើឈុត ដែលលោក បានពាក់ម៉ូតបែបខ្លីខាងលើ និងខ្លីខាងក្រោម ទៅចូលរួមក្នុងកម្មវិធី PMA2023 ប៉ុន្មានខែកន្លងទៅនេះ រហូតដល់កំពូលអ្នកច្នៃម៉ូតរូបនេះ​ រងសម្ពាធខ្លាំង ដល់ថ្នាក់ចង់បាក់ទឹកចិត្តផងដែរ។

ដោយឡែក នៅថ្ងៃទៅ០៨​ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ មហាជន អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ម្ដងទៀត ខណៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយករូបភាពមួយសន្លឹករបស់លោក ឯម រៀម មកបង្ហោះឲ្យសាធារណជន បានជ្រាបជាសាធារណៈ ជាពិសេសកំពូលអ្នកច្នៃម៉ូតនោះផ្ទាល់ ដែលនៅក្នុងរូបភាពមួយសន្លឹកនោះ បានថតលក្ខណៈអាស រួចយក Sticker រូបផ្កាមកបាំងនៅត្រង់បរិវេណ ប្រដាប់ភេទ ធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់វិធានការភ្លាមៗ សារជាថ្មីម្ដងទៀត ព្រោះវាបង្កើតជាផលប៉ះពាល់យ៉ាងខ្លាំង ចំពោះ វប្បធម៌ ប្រពៃណី សេចក្ដីថ្លៃថ្នូរ ដល់សង្គម ប្រសិនលោក​ ឯម រៀម មិនលុបរូបភាពមួយសន្លឹកនោះ ចេញពីក្នុងផេករបស់លោក​ ដែលអមជាមួយសំណេរ យ៉ាងដូចេ្នះថា៖

«ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម»។ ​

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់បន្ថែមទៀតថា៖ «ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម  សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន»។

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds