បេក្ខជនអាមេរិកដើមកំណើតខ្មែរម្នាក់ធ្វើមុខម្ហូប«អាម៉ុកត្រី»ទៅប្រឡងក្នុងកម្មវិធីពិភពលោកMasterChefធ្វើឱ្យ…
MasterChef រដូវកាលទី ១៣ ដែលត្រូវបានគេស្គាល់ផងដែរថាជា MasterChef: United Tastes of America គឺជាការប្រកួតប្រជែងធ្វើម្ហូបដែលបង្ហាញពីអ្នកចម្អិនម្ហូបតាមផ្ទះមកពីតំបន់ចំនួន ៤ នៃសហរដ្ឋអាមេរិក៖ ខាងលិច ឦសាន កណ្តាលខាងលិច និងខាងត្បូង។ បេក្ខជនប្រកួតប្រជែងយករង្វាន់ជាសាច់ប្រាក់ ២៥ម៉ឺនដុល្លារ និងតំណែង MasterChef របស់អាមេរិក។ រដូវកាលនេះចៅក្រមគឺកំពូលចុងភៅ និងសេដ្ឋីភោជនីយដ្ឋានទាំង ៣ រូបគឺ Gordon Ramsay, Aarón Sánchez និង Joe Bastianich ហើយពួកគេត្រូវបានចូលរួមដោយចៅក្រមភ្ញៀវដូចជា Daphne Oz, Graham Elliot និង Susan។
បេក្ខជនម្នាក់ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីចៅក្រមនិងអ្នកទស្សនាគឺលោក Charles Calvino Hang ជាជាងធ្វើសក់វ័យ ៣៤ ឆ្នាំមកពីទីក្រុង Columbus រដ្ឋ Ohio។ លោកតំណាងឱ្យតំបន់កណ្ដាលខាងលិចអាមេរិក និងពោរពេញដោយមោទនភាពចំពោះកេរតំណែលដើមកំណើតកម្ពុជារបស់លោក។
លោក Charles បានរៀនធ្វើម្ហូបពីម្ដាយរបស់លោក ដែលបានធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកពីប្រទេសកម្ពុជាបន្ទាប់ពីរស់នៅក្នុងរបបខ្មែរក្រហម។ គាត់និយាយថាការធ្វើម្ហូបគឺជាការសម្ដែងក្ដីគោរពដល់ម្តាយគាត់ និងវប្បធម៌ដើមកំណើតរបស់គាត់។
លោកបានរៀបរាប់ថា៖ «ខ្ញុំ Charles មានមុខរបរជាជាងធ្វើសក់ ហើយខ្ញុំមកទីនេះដើម្បីធ្វើការផ្លាស់ប្ដូរ។ ការធ្វើម្ហូបគឺជាអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុត។ ខ្ញុំគឺជាកូនខ្មែរអាមេរិក ហើយខ្ញុំមកទីនេះដើម្បីតំណាងឱ្យឪពុកម្ដាយរបស់ខ្ញុំ ក៏ដូចជាវប្បធម៌ដើមកំណើតរបស់យើងផងដែរ»។
បេក្ខជនរូបនេះធំធាត់ជាមួយនឹងការចងចាំ ដោយឃើញម្ដាយចម្អិនម្ហូប ហើយក៏រៀនធ្វើតាមរូបមន្តរបស់គាត់។ ជារៀងរាល់អាទិត្យ ពេលដែលលោកធ្វើម្ហូប លោកតែងតែឱ្យម្ដាយជាអ្នកភ្លក្ស ហើយសួរថា៖ «ម៉ាក់អានេះ ឆ្ងាញ់អត់?»។
លោក Charles បានរំឭកទៀតថា៖ «ម៉ាក់ខ្ញុំច្រើនតែលាន់មាត់ថា អត់ចូលចិត្តរសជាតិហ្នឹងទេ សាកធ្វើម្ដងទៀតទៅ! ប៉ុន្តែនៅពេលដែរម៉ាក់គាត់ត្រូវមាត់នឹងម្ហូបណាដែលខ្ញុំធ្វើនោះ គាត់នៅស្ងៀមអត់និយាយអីទេ ហើយខ្ញុំចាត់ទុកថានេះគឺជាការសរសើរក្នុងចិត្តរបស់ម៉ាក់ខ្ញុំហើយ»។
ដោយសារឪពុកម្ដាយរបស់លោកមានបញ្ហាសុខភាពមិនស្ថិតក្នុងសាលប្រកួត MasterChef តែបេក្ខជន Charles ស្កប់ចិត្តហើយដែលបានអ្នកមានគុណអបអរពីចម្ងាយ។
សម្លេងត្បាល់បុកគ្រឿងលាយឡំនឹងសម្រែកហ៊ោរកញ្ចៀវរបស់ទស្សនិកជន ក្នុងសាលប្រកួត MasterChef រដូវកាលទី 13។
ជាងធ្វើសក់ប្រជ្រុយថ្ពាល់រូបនេះនិយាយថា៖ «ខ្ញុំគិតថាម្ហូបនេះនឹងធ្វើឱ្យខ្ញុំឈ្នះអៀមចុងភៅ MasterChef បានដោយសារតែវាមានពណ៌ចម្រុះស្រស់ឆើត ហើយវាតំណាងឱ្យវប្បធម៌ និងក្រុមគ្រួសាររបស់ខ្ញុំ»។
ក្រោយពីកាន់ថាសម្ហូបចូលបន្ទប់វាយតម្លៃ លោកបាននិយាយទៅកាន់កំពូលចុងភៅ Gordon Ramsay ថា៖ «ខ្ញុំបានធ្វើម្ហូបរូបមន្តគ្រួសាររបស់ខ្ញុំឈ្មោះថា អាម៉ុក ដែលជាប្រភេទត្រីចម្អិនគ្រឿងការីបែបខ្មែរ។ ក្នុងកន្ទោងនេះមានសាច់ត្រី Catfish ស្លឹកគ្រៃ គ្រឿងការី ម្ទេស ក្រួចសើច»។
ស្ថិតក្នុងតំណាក់កាលផ្ដល់ពិន្ទុលោក Ramsay ស្ថិតក្នុងចំណោមចៅក្រមទាំង៤ រូបបានលាន់មាត់ថា៖ «គ្រាន់តែមើលភ្លាម ម្ហូបនេះពិតជាមានសោភ័ណភាពស្រស់ស្អាតមែន!»។
បន្ទាប់មកមេចុងភៅ Graham Elliot បានពិនិត្យមើលកន្ទោងរួចបន្លឺឡើងថា៖ «ខ្ញុំពេញចិត្តនឹងកញ្ចប់ស្លឹកចេកខ្ទាស់ឈើចាក់ធ្មេញ ប្រើសម្រាប់ដាក់ម្ហូប»។
ភ្លាមនោះដែរ លោក Charles បានរំឭកប្រាប់ចៅក្រមថា៖ «ម៉ាក់ខ្ញុំបង្រៀនខ្ញុំឱ្យធ្វើកន្ទោងដាក់អាម៉ុក ប្រសិនបើអត់មានចានស្រាប់»។
សេដ្ឋីភោជនីយដ្ឋាន និងតារាចុងភៅលោក Joseph Bastianich ក៏ឆ្លៀតឱកាសរំឭកពីដំណើររបស់លោកទៅកាន់ប្រទេសកម្ពុជាកាលពីថ្មីៗនេះ។
លោកបាននិយាយថា៖ «ខ្ញុំទើបតែត្រឡប់មកពីកម្ពុជាថ្មីៗនេះ ហើយខ្ញុំបានភ្លក្សឆ្ងាញ់ៗជាច្រើននៅទីនោះ។ មុខម្ហូបមួយនេះ [អាម៉ុក] គឺជាម្ហូបអស្ចារ្យមួយដែលយើងតែប្រទះឃើញនៅតាមហាងនៅទីនោះ ហើយធ្វើឱ្យខ្ញុំនិយាយថា ខ្ញុំចង់បានម្ហូបហ្នឹងដែរ»។
ចៅក្រមបានសួរលោកពីប្រភេទត្រីដែលប្រើប្រាស់ក្នុងការចម្អិនអាម៉ុក ហើយបេក្ខជន Charles បានពន្យល់ថា លោកបានប្រើប្រាស់ Catfish ដោយសារវាមានខ្លាញ់ ហើយសាច់វាមានជាតិតែម្ដង។
ក្រោយពីភ្លក្សរួច កំពូលចុងភៅទាំង៤រូបមានការភ្ញាក់ផ្អើលនឹងរសជាតិហឹរ ហើយលោក Ramsay រាងឈ្លក់នឹងម្ទេសបន្តិច។
ឆ្លើយតបនឹងចំណុចនេះ បេក្ខជន Charles បាននិយាយថា៖ «អធ្យាស្រ័យ យើងជាខ្មែរ យើងចូលចិត្តគ្រឿងទេសមុតៗអ៊ីចឹងហើយ»។
ចៅក្រម និងជាមេចុងភៅ Aaron Sanchez បានលាន់មាត់ថា៖ «វ៉ាវ ភ្លក្សម្ហូបនេះហើយ ខ្ញុំមានអារម្មណ៍ដូចតែទើបត្រឡប់មកពីទឹកដីអាស៊ីអាគ្នេយ៍។ រសជាតិនេះពិតជាដិតក្នុងអារម្មណ៍របស់ខ្ញុំ ហើយគ្រឿងការីបែបនេះពិតជាពិសេសសម្រាប់កម្ពុជា។ ដូច្នេះសម្រាប់ខ្ញុំគឺ «Yes»។
សម្រាប់ចុងភៅល្បី Graham Elliot លោកបានចាត់ទុករសជាតិអាម៉ុករបស់បេក្ខជនថា ពិតជារសជាតិផ្ទុះមែន កម្ដៅម្ទេស ក្លិនក្រូចសើច និងគ្រឿងទេសមុត បួកផ្សំនឹងសាច់ត្រី ពិតជាអស្ចារ្យ។ ខ្ញុំចូលចិត្តម្ហូបនេះ ហើយខ្ញុំនិយាយថា Yes»។
ដោយឡែកសម្រាប់ Ramsay លោកបែរជាផ្ដល់ចម្លើយ «No» ហើយដកដង្ហើមធំ ដែលធ្វើឱ្យចៅក្រមបីនាក់ទៀតងាកមើលរូបលោក ក្នុងសភាពស្ទើរតែមិនជឿនឹងត្រចៀក។
យ៉ាងណាមិញ លោកលេងសម្ដីត្រឡប់មកវិញថា៖ «ពាក្យ No គឺបដិសេធមិនឱ្យលោកសារ៉េពណ៌សក់ខ្ញុំទេ ហើយពាក្យ Yes គឺចម្លើយសម្រាប់ជូនអៀមចុងភៅ MasterChef»។
បន្ទាប់ពីហុចអៀមចុងភៅ អមដោយស្នូរទះដៃទទួលបានចម្លើយ Yes ដល់ទៅ 4 កំពូលចុងភៅ Ramsay ដែលធ្លាប់មកទឹកដីកម្ពុជាភ្លក្សម្ហូបគ្រប់ច្រកល្ហកតាំងពីចិញ្ចៀមផ្លូវ ដល់ភោជនីយដ្ឋានប្រណីត លោកបានឆ្លៀតបញ្ចេញមតិទៀតថា៖ «ធ្វើបានល្អណាស់! ខ្ញុំមិនមែនកម្ពុជាមែន តែមុខម្ហូបគួរតែទទួលបានភាពរុងរឿងដែលវាសក្ដិសមនឹងទទួលបាន»។
ជាមួយបុគ្គលិកលក្ខណៈកំប្លែងគួរឱ្យចូលចិត្ត បេក្ខជន Charles គឺជាអ្នកនាំមុខគេម្នាក់នៃ MasterChef រដូវកាលទី ១៣ ហើយលោកមានអ្នកគាំទ្រជាច្រើន។ គាត់បានបង្ហាញពីភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតលោកកន្លងមកដូចជាការ ការចម្អិនអាហារនៅកីឡដ្ឋាន Dodger និងការបង្កើតអាហារបីមុខដែលមានគុណភាពលំដាប់ផ្កាយ Michelin ជាមួយដៃគូ។
លោក Charles ប្ដេជ្ញាថា ជ័យជម្នះ MasterChef រដូវកាលទី 13 មិនត្រឹមតែសម្រាប់រូបលោកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកម្ដាយ គ្រួសារ និងសហគមន៍ទាំងមូល។ កូនខ្មែរអាមេរិករូបនេះមានសុបិន្ត ចង់ចែករំលែកក្តីស្រឡាញ់ចំពោះម្ហូបខ្មែរទៅកាន់ពិភពលោក»៕
អត្ថបទទាំងស្រុងពី៖ Sabay News
https://www.facebook.com/watch/?ref=embed_video&v=3382758532038357