សមាគមធនាគារអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ

សមាគមធនាគារនៅកម្ពុជា(ABC)តាមរយៈសេចក្ដីជូនដំណឹងចេញនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ ឬSMS Scam ដែលកំពុងរីករាលដាល និងមានភាពស្មុគស្មាញ។ សារក្លែងបន្លំនេះ ធ្វើឡើងដោយក្រុមអ្នកឆបោកតាមប្រព័ន្ធអ៊ីធើណិតដែលពួកគេបានប្រើភ្ជាប់ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត(Fraudulent Link)ដើម្បីទទួលបានព័ត៌មានសម្ងាត់របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

សមាគមធនាគារនៅកម្ពុជាបញ្ជាក់ថា ជនបន្លំបោកប្រាស់អាចចូលទៅបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ ឬប្រតិបត្តិការធនាគារតាមអ៊ីនធើណិត(Internet Banking)របស់អ្នកប្រើប្រាស់បាន ប្រសិនបើអ្នកប្រើប្រាស់មិនបានការពារលេខPIN ឬលេខកូដសម្ងាត់របស់ខ្លួនឱ្យបានល្អទេនោះ ទោះបីជាអ្នកប្រើប្រាស់មានវិធានសន្តិសុខរឹងមាំក្នុងការការពារយ៉ាងណាក៏ដោយ។

សមាគមធនាគារនៅកម្ពុជាបានណែនាំដល់ប្រជាពលរដ្ឋសូមកុំចុចបើក ឬបំពេញព័ត៌មានរបស់ខ្លួន ដូចជា៖ លេខទូរសព្ទ លេខគណនី លេខPIN លេខកូដសម្ងាត់ និងទិន្នន័យផ្ទាល់ខ្លួនជាដើម។ ប៉ុន្តែបើសិនករណីអ្នកប្រើប្រាស់បានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ ត្រូវទាក់ទងទៅកាន់ធនាគារដែលខ្លួនប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង(Hotline) ឬលេខទំនាក់ទំនងអតិថិជន(Toll-Free)របស់គ្រឹះស្ថាន។ ជាពិសេស សមាគមធនាគារនៅកម្ពុជាស្នើដលើប្រជាពលរដ្ឋកុំស្ទាក់ស្ទើក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថានធនាគារ ដែលខ្លួនបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលត្រូវរក្សាគណនីឱ្យមានសុវត្ថិភាព។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់កម្មវិធីតេឡេក្រាម(Telegram )ប្រុងប្រយ័ត្ន និងហាមមិនឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់​ដែលជនបោកប្រាស់ផ្ញើតាមសារទូរសព្ទជាដាច់ខាត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា ការបោកបញ្ឆោតថ្មីនេះ គឺជនអនាមិក ឬជនបោកប្រាស់ព្យាយាមបោកដល់អ្នកប្រើប្រាស់កម្មវិធីតេឡេក្រាម(Telegram )តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោតទៅ​កាន់​សារ​ទូរសព្ទ​ ដើម្បីឱ្យអ្នកប្រើប្រាស់កម្មវិធីតេឡេក្រាម(Telegram )បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds