វីរៈការិនីស្រួង ភាវី បង្ហើបពីឥទ្ធិពលធម៌៤ដែលធ្វើឱ្យខ្លួនស្រឡាញ់សកម្មភាពសប្បុរសធម៌
តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ វីរៈការិនីឆ្នើមស្នុកឃ័រ ស្រួង ភាវី ដែលបានបង្ហាញទេពកោសល្យដ៏អស្ចារ្យកាលពីអំឡុងការប្រកួតតំណាងឱ្យកម្ពុជានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ អ្នកនាងបានសរសេរបង្ហើបពីមូលហេតុដែលនាំឱ្យរូបខ្លួនស្រឡាញ់ការធ្វើសកម្មភាពសប្បុរសធម៌ដល់អ្នកដទៃ ជាពិសេសចំពោះអ្នកដែលមានទុក្ខលំបាក។
អ្នកនាង ស្រួង ភាវី បានសរសេរបែបនេះ៖ «ឥទ្ធិពលកំពូលធម៌បួនបានដឹកនាំខ្ញុំដើរមកដល់ចំណុចនេះ!
ចិត្ត និស្ស័យ អធ្យាស្រ័យ របស់ខ្ញុំដែលធ្លាប់បានសន្សំពីអតីតមក គឺបណ្ដាលឱ្យខ្ញុំមានចិត្តស្រឡាញ់រាប់អានមនុស្សគ្រប់រូប គ្រប់វ័យ គ្រប់ជាតិសាសន៍ទាំងអស់ដែលមានជីវិតរស់នៅក្នុងពិភពលោកយើងនេះ ។រហូតដល់ខ្ញុំបិទរូបថតអ្នកដែលមានទុក្ខលំបាកនៅហ្នឹងជញ្ជាំង មាត់ទ្វារជាដើម ដេីម្បីជាកម្លាំងជំរុញទឹកចិត្តឱ្យគិតដល់រឿងនេះជារឿយៗ។ (មេត្តាធម៌)
ចិត្តស្រលាញ់រាប់អានបានរុញច្រានឱ្យខ្ញុំមានចិត្តអាណិតអាសូរ និងមានឆន្ទៈខ្ពស់ចង់ជួយអ្នកដទៃ តាមតែអ្វីដែលអាចធ្វើបាន។ ស្មារតីទាំងអស់នេះហេីយ ដែលជម្រុញទឹកចិត្តខ្ញុំ ឱ្យខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឱ្យខ្លួនឯងមានសមត្ថភាព ក្នុងការបំពេញតាមឆន្ទៈរបស់ខ្ញុំ បេីទោះបីមានឧបសគ្គយ៉ាងណាក៏មិនរាថយឡេីយ។ (ករុណាធម៌)
ផលនៃការជួយរបស់ខ្ញុំបានទៅដល់អ្នកដទៃ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្ត សេចក្ដីសោមនស្សរីករាយ យ៉ាងខ្លាំងក្លា នៅពេលខ្ញុំបានឃើញអ្នកដែលខ្ញុំបានជួយពួកគាត់ ហើយពួកគាត់មានសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរស់នៅ បានរៀនសូត្រក្រេបយកចំណេះវិជ្ជា និងយឹតយោងគ្រួសារពួកគាត់ឱ្យបានរីកចម្រើនផង ព្រមទាំងមានសុខុមាលភាពក្នុងសង្គមជាតិផងដែរ។ (មុទិតាធម៌)
ក្រោយពីបានបំពេញបេសកកម្ម ការងារ ប្រកបដោយសុច្ឆន្ទៈទាំងអស់នេះហើយ ចិត្តរបស់ខ្ញុំពុំដែលជាប់ជំពាក់ក្នុងការសោកស្ដាយ ពីការនឿយលំបាក ដែលចិត្តជាប់ដោយ លាភអត់លាភ យសអត់យស សរសើរអត់សរសើរហេីយថែមទាំងនិន្ទាផង មានសេចក្ដីសុខអត់សេចក្ដីសុខ រឿងទាំងខ្ញុំមិនសន្សំទុកក្នុងចិត្តទេ ជ្រះស្រលះហើយ។ (ឧបេក្ខាធម៌)៕