២ឆ្នាំចុងក្រោយ!សត្វរំពេរទន្លេនៅតំបន់ទន្លេមេគង្គមានចំនួនថេរ

អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF)បានឱ្យដឹងថា ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វប្រភេទនេះសរុបចំនួន៧១ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន៣ក្បាលទៀតក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមសេចក្តីរាយថ្មីមួយកាលពីដើមសប្តាហ៍នេះ ស្តីពីកា រគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣។

អង្គការWWFបញ្ជាក់ថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើងដល់ទៅប្រមាណជិត ១៣០ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ៣១ក្បាលក្នុងឆ្នាំ២០១៦ កើនដល់ចំនួន៧១ក្បាលក្នុងឆ្នាំ២០២៣នេះ។ បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងនេះ កំពុងរស់នៅយ៉ាងសុខសាន្តក្នុងសំបុកសរុបចំនួន ៣១សំបុក ដែលស្ថិតក្រោមការការពារ ដោយសហគមន៍មូលដ្ឋានដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។

អង្គការWWFបានឱ្យដឹងទៀតថា លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះ ជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

សូមបញ្ជាក់ថា សត្វរំពេរទន្លេត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN  ហើយវាជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំងរហូតដល់ទៅជាង៨០ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយមូលហេតុចម្បងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds