អគារព្យាបាលកម្រិតអន្តរជាតិនៅមន្ទីរពេទ្យកាល់ម៉ែតតម្លៃជាង៧០លានដុល្លារត្រូវបានដាក់សម្ពោធនៅព្រឹកនេះ
«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ ស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ អគារនេះលាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែ
សម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖
* ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។
* ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែកសង្គ្រោះបន្ទាន់មាន ៣៦គ្រែ ឱសថស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់សំលៀកបំពាក់បុគ្គលិកសម្រាប់អគារទាំងមូល។
* ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។
* ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ធ្ងរមានចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុរោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាកព្យាបាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និងគ្រែសម្រាកព្យាបាលចំនួន០៤។
* ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែលមានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់ធ្វើអន្តរាគមន៍វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាលរហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់ឆ្លុះបាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។
* ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាពក្នុងការឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែលស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo-Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។
* ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។
* ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោមចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍ទំនើបកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។
* ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែសម្រាកព្យាបាលចំនួន ៤៣គ្រែ។
* ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។
* ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះមហន្តរាយវេជ្ជសាស្ត្រ។
* ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។
* ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។