ក្រោយខកខានសម្ដែងលើឆាកបិទស៊ីហ្គេម អ្នកនាង កាតុ ប្រាប់ពីអារម្មណ៍ពិតមួយឃ្លា
ពេលវេលាគួរឱ្យចងចាំ ជាមួយនឹងផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកនៃការសម្ដែង-ច្រៀងរបស់សិល្បករ សិល្បការិនីក្នុងថ្ងៃបិទស៊ីហ្គេមលើកទី ៣២ ថ្មីកន្លងទៅនេះ បានធ្វើឱ្យមហាជនខ្មែរ និង អន្តរជាតិដែលបានទស្សនាផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោ ក៏ដូចជាមហាជនដែលទស្សនានៅតាមការឡាយផ្ទាល់ មានសេចក្ដីរំភើបប្រកបដោយមោទកភាព ចំពោះសិល្បករទាំងអស់ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្ហាញជូនភ្ញៀវកិត្តិយសទស្សនា។
តែយ៉ាងណា ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា នៅក្នុងពិធីបិទកីឡាស៊ីហ្គេមលើកទី ៣២ កាលពីថ្ងៃទី ១៧ ខែឧសភា ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្ដាលឱ្យក្រុមកំប្លែងត្រូវខកខានឱកាសសម្ដែងជូនភ្ញៀវកិត្តិយស ព្រោះអស់ពេលវេលា។
តាមការបង្ហោះចែករំលែកពីមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញរូបភាពរបស់ក្រុមកំប្លែង មានតារាជើងចាស់ យាយយ៉យ, នាយ ចាបចៀន, អ្នកនាង កាតុ និង សិល្បករក្នុងក្រុមមួយចំនួន ត្រូវខកឱកាសចេញសម្ដែង ខណៈពួកគេខិតខំហាត់សមអស់ជាច្រើនថ្ងៃ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្ដាយ និង ចែករំលែកជាមួយអារម្មណ៍អាណិតដល់សិល្បករ-ការិនីទាំងនេះបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ក្រោយពីទទួលបានការអាណិត និង លើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន ខណៈខកខានការសម្ដែងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យនោះ ក៏បានឃើញអ្នកនាង កាតុ បង្ហោះសារបង្ហាញការអរគុណដល់អ្នកគាំទ្រដែលបានបង្ហាញក្ដីអាណិតស្រឡាញ់គាំទ្រដល់ក្រុមកំប្លែងរបស់នាងផងដែរ។ ក្នុងនោះ អ្នកនាង កាតុ បានសរសេរថា ៖ «នាងខ្ញុំសូមអគុណដល់ពុកម៉ែបងប្អូន ដែលផុសអាណិត និង លើកទឹកចិត្តដល់ក្រុមកំប្លែងរបស់យើងខ្ញុំ ដែលមិនបានសម្តែងក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេម គឺដោយសារតែមានភ្លៀងធ្លាក់ជាខ្លាំងនៅក្នុងម៉ោងដែលពួកយើងខ្ញុំត្រូវសម្តែង»៕