អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយរូបទម្លាយរឿងលោកសម រង្ស៊ី ចង់សើរើរចនាសម្ព័នបក្ស
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ម៉ោង05:00 PM
(ដោយ៖ យឺន សីហា)
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបបានទម្លាយរឿងសង្ងាត់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិចង់សើរើរចនាសម្ព័នបក្សដោយ ដាក់តែមនុស្សរបស់លោក ។ លោក ម៉ៅ មុន្នីវណ្ណ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិបានលើកឡើងលើបណ្តាញសង្គមថ្ងៃទី១០ ខែមីនា នេះលោក សម រង្ស៊ី បានប្រកាសបោកប្រាស់អ្នកដែលមិនដឹងការពិតថា គាត់មកធ្វើជាប្រធានស្តីទីក្លែងក្លាយទាំងមិនមានការឯកភាពពីលោក កឹម សុខា និងដោយរំលោភលក្ខន្តិកបក្សពេលនេះ គឺដើម្បីបង្រួបបង្រួម CNRP និងទំនាក់ទំនងអន្តរជាតិឲ្យដាក់សម្ពាធមកលើរដ្ឋាភិបាលបច្ចុប្បន្ន តើពិតទេ ។
លោកម៉ៅ មុន្នីវណ្ណ បានលើកឡើងទៀតថា លោកសម រង្ស៊ី ធ្វើនេះមិនត្រឹមតែមិនអាចមកបង្រួបបង្រួមគណបក្សសង្គ្រោះជាតិ (CNRP) បានទេផ្ទុយទៅវិញអំពើរបស់គាត់ គឺបង្ហាញយ៉ាងច្បាស់ថា គាត់ចូលមកដឹកនាំនេះ ដើម្បីបំបែកបំបាក់ CNRP ព្រោះគាត់ធ្វើអ្វីសម្រេច អ្វីតែមនុស្សក្រុមខាងគាត់ ហើយគាត់មានផែនការសើរើរចនាសម្ព័ននៅក្រៅប្រទេស ដាក់តែ មនុស្សដែលគាំទ្រគាត់តែម្ខាង ។ ជាមួយគ្នានោះដែរអតីតមន្ត្រីបក្សប្រឆាំងរូបនេះបានលើកឡើងថា អ្នកគាំទ្រលោក កឹម សុខា មិនទៅចូលរួមធ្វើបក្សប្រហារជាមួយពួកគាត់ទេ ។ គឺសមរង្ស៊ី ជាអ្នកបំបែកបក្សជាពីរ បើគាត់ធ្វើដូច្នេះ ។
ការងារការទូតទំនាក់ទំនងអន្តរជាតិវិញមិនចាំបាច់មានសម រង្ស៊ី ជាប្រធានស្តីទីក្លែងក្លាយទេ ។ CNRP ដែលមានស្រាប់ទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងមមាញឹកដោយប្រសិទ្ធិភាពរហូតគេយល់ច្បាស់ ហើយគេបាន និងកំពុងតែចាត់វិធានការ និងដំណើរការទៅហើយ ។ ក្រៅពីយន្តការនេះគណប្រតិភូបរទេសមកកម្ពុជា និងអ្នកការទូតគេ តែងតែជួបជាមួយតំណាងលោកកឹម សុខាដោយផ្ទាល់នៅកម្ពុជាទៀតផង ។
សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែអះអាងទៅកាន់អ្នកគាំទ្រជារឿយៗថា លោកនឹងលោកកឹម សុខា គឺជាមនុស្សតែមួយ ។ យ៉ាងណាក្តីក្រុមអ្នកកឹម សុខានិយម បាននាំគ្នាលើកឡើងថា លោកសម រង្ស៊ី បានកំពុងតែលេងល្បែងនយោបាយយកលោកកឹម សុខាទាក់ទាញប្រជាប្រិយក្រោមពាក្យស្លោក«កឹម សុខា និងសម រង្ស៊ី គឺជាមនុស្សតែមួយ»៕
ប្រភព៖ kohsantepheapdaily