Man Cityលត់ក្រុមខ្លាំងReal Madrid៤-០ជើងទី២ឡើងទៅវគ្គផ្ដាច់ព្រ័ត្រUCL
ក្នុងការប្រកួតកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះក្រុមខ្លាំងប្រចាំលីគបាល់ទាត់អង់គ្លេស Manchester City បានទម្លាក់ក្រុមយក្សអេស្ប៉ាញ Real Madridត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(Semi Final)នៃពានរង្វាន់UEFA Champions League នៅក្នុងការប្រកួតជើងទី២ ដោយបានលត់ក្រុមខ្លាំងស្ដេចស Real Madridដល់ទៅ៤ទល់នឹង០ ខណៈលទ្ធផលទាំងពីរជើងគឺ៥ទល់នឹង១។
៤គ្រាប់របស់Manchester City រកបានដោយខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Bernardo Silvaនៅនាទី២៣ និង៣៧ រួមជាមួយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Julián Álvarezនៅនាទី៩០បូក១។ ចំណែកឯ១គ្រាប់ទៀត គឺជាគ្រាប់បាល់ដែលកីឡាករ Eder Militão របស់ក្រុមReal Madridធ្វើឱ្យចូលទីដោយខ្លួនឯងនៅនាទី៧៦។
គួរឱ្យដឹងថា Manchester City នឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមInter Milan នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ Manchester City ពុំធ្លាប់ឈ្នះពាន UEFA Champions League សូម្បីតែម្ដង ខណៈInter Milan ធ្លាប់ឈ្នះពាននេះ៣លើករួចហើយ។ តែយ៉ាងណា អ្នកតាមដានកីឡាបាល់ទាត់ភាគច្រើនរំពឹងថា Man Cityនឹងអាចលើកពាននេះជាលើកដំបូង និងជាប្រវត្តិសាស្រ្តរបស់ខ្លួន៕