ធនាគារពិភពលោកអនុម័តគម្រោងថ្មីក្រោមកញ្ចប់ថវិកា៦០លានដុល្លារសម្រាប់កែលម្អការគ្រប់គ្រងសំរាម សំណល់រឹងនិងប្លាស្ទិកនៅកម្ពុជា
ធនាគារពិភពលោក(World Bank)នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអនុម័តគម្រោងថ្មីមួយទៀតដែលមានតម្លៃទឹកប្រាក់សរុបចំនួន៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។
យោងតាមគេហទំព័រផ្លូវការរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។
គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក។ គម្រោងនេះជួយជំរុញដល់ក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ មិនតែប៉ុណ្ណោះ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។ គម្រោងនេះនឹងអនុវត្តរួមគ្នាដោយក្រសួងចំនួនបីរួមមានដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមការបញ្ជាក់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា។
លោកស្រី ម៉ារីយ៉ាម សាលីម នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយថា៖ “ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ”។ លោកស្រីបន្ថែមទៀតថា៖ “បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។
លោកស្រីនាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាដដែលគូសបញ្ជាក់ថា គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជានឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់ ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន៕