កម្ពុជានឹងមានផែទឹកជ្រៅជាង១៧ម៉ែត្រអាចឱ្យកប៉ាល់លើពិភពលោកចូលចតបាននៅឆ្នាំ២០២៩

(ខេត្តព្រះសីហនុ)៖ លោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តក្រុង​ព្រះសី​ហនុ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត ពោលនៅឆ្នាំ២០២៤នឹង​មានការកែផែ​ទំនិញ​រាយ​ទៅជាផែកុងតឺន័រមួយចំណត ហើយនៅឆ្នាំ២០២៦នឹងធ្វើចំណតផែមួយ​ដែលមានជម្រៅ​ទឹក​ដល់​១៤ម៉ែត្រ​កន្លះ ដែលនឹងអនុញ្ញាតឱ្យនាវាប្រមាណ៩៣ភាគរយចូលចតបាន ហើយនៅឆ្នាំ២០២៨​នឹង​ធ្វើ​ផែមួយទៀតដែលមានជម្រៅទឹកដល់១៦ម៉ែត្រកន្លះ ហើយក៏នឹងមានផែមួយទៀតដែលមានជម្រៅ​ទឹក​ដល់​១៧ម៉ែត្រកន្លះនៅឆ្នាំ២០២៩ ដើម្បីទទួលកប៉ាល់ដឹកទំនិញមកពីជុំវិញពិភពលោក។ លោក​បាន​លើក​ឡើងដូច្នេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាង៣០នាក់ ដែលអញ្ជើញមកពីស្ថាប័ន​សារ​ព័ត៌មាន​ចំនួន១៩ស្ថាប័ន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ទន្ទឹមនឹងការលើកឡើងខាងលើនេះដែរ លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ក៏បានលើក​ឡើង​បន្ថែមទៀតថា ការអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់នេះគឺដើម្បីបង្កើននូវភាពប្រកួតប្រជែង ទាក់ទាញ​អ្នកវិនិយោគិន បង្កើតការងារដល់ពលរដ្ឋ និងជំរុញឱ្យថ្លៃដឹកជញ្ជូនមានការធ្លាក់ចុះបន្ថែមទៀត។

លោកលូ គឹមឈន់ បានសង្កត់ធ្ងន់ថា កំពង់ផែនេះ គឺជាកោសិកានិងជាធាតុមួយដែលរួមចំណែកនៅ​ក្នុង​សេដ្ឋកិច្ចជាតិ ហើយវាក៏ជាមោទនភាពមួយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលទទួលបាន​កំណើនបរិមាណកុងតឺន័រឆ្លងកាត់ជាមធ្យម១២,៨០ភាគរយក្នុងរយៈពេល៦ឆ្នាំ(២០១៦-២០២១) ពិសេសនៅឆ្នាំ២០១៩ បរិមាណកុងតឺន័រកើនឡើងដល់១៨ភាគរយ រួមទាំងកត្តាអំណោយ​ផល​ផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់កំពង់ផែនាពេលអនាគត។ បន្ថែមលើនេះ លោកក៏បានប្តេជ្ញាផ្តល់ជូននូវគុណភាពសេវាកម្មឱ្យកាន់តែប្រសើរ ជាមួយតម្លៃសមស្រប ដែលផ្តោត​សំខាន់លើគុណតម្លៃសម្រាប់អតិថិជន។

ជាងនេះទៅទៀត លោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ឱ្យដឹង​ថា បច្ចុប្បន្នមានក្រុមហ៊ុនកប៉ាល់ចំនួន១២ក្រុមហ៊ុន និងមានកប៉ាល់ពី១៦ទៅ១៨គ្រឿង ដែលបាន​ចូល​ចំណតកំពង់ផែជាទៀងទាត់ ដោយនៅក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២)​ទំនិញ​ចេញ​ចូល​កំពង់​ផែ​គឺបានកើនឡើងរហូតដល់១០,៣៧ភាគរយ ហើយកុងតឺន័រចេញចូលបានកើនឡើង១០,៥៥ភាគរយ។

លោកបានបន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចូលទំនិញពីចិនមកកាន់កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ​តាមរយៈកុងតឺន័រមានចំនួនច្រើនជាងគេគឺរហូតដល់៦២ភាគរយ និងតិចជាងគេគឺ​សហគមន៍​អឺរ៉ុបដែលមានត្រឹមតែ៣ភាគប៉ុណ្ណោះ។ ចំណែកការនាំចេញទំនិញតាមរយៈកុងតឺន័រវិញសហរដ្ឋ​អាមេរិក​​មានចំនួនច្រើនជាងគេរហូតដល់៣៤ភាគរយ ហើយប្រទេសជប៉ុនតិចជាងគេមានត្រឹមតែ ២ភាគ​​​រយប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds