ក្រោយមានការបំផ្ទុះគ្រាប់បែក!នាយករដ្ឋមន្រ្តីជប៉ុនបានប្រកាសប្តេជ្ញារក្សាសុវត្ថិភាពនៃកិច្ចប្រជុំG៧
(ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida មួយថ្ងៃបន្ទាប់ពីលោកត្រូវបានជម្លៀសចេញពីការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកផ្សែងជាក់ស្តែងបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានាសុវត្ថិភាពនៃក្រុមមេដឹកនាំនិងរដ្ឋមន្ត្រីជាន់ខ្ពស់ទាំងប្រាំពីរ (G៧) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសរបស់លោករហូតដល់ខែក្រោយ។ នៅជប៉ុន ជាកន្លែងដែលបណ្តារដ្ឋមន្ត្រីវិស័យថាមពល និង វិស័យបរិស្ថាននៃក្រុមប្រទេសG៧ បានជួបជុំពិភាក្សាគ្នាស្តីពី បរិស្ថានអាកាស និងថាមពល នាថ្ងៃសៅរ៍-អាទិត្យ ទី១៥-១៦មេសា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុន មិនត្រូវអនុញ្ញាតឱ្យមានអំពើហឹង្សា វាយប្រហារលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនោះទេ។ ជាមួយគ្នាប៉ូលិសត្រូវបានណែនាំឱ្យបង្កើនសន្តិសុខ ហើយរដ្ឋាភិបាលនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធានាសន្តិសុខនៅពេលដែល ជប៉ុន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ខែឧសភានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
គួររំលឹកថាកាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា លោកនាយករដ្ឋមន្ត្រី Kishida Fumio ត្រូវបានជម្លៀសចេញភ្លាមៗនៅ បន្ទាប់ពីគ្រាប់បែកផ្សែងមួយត្រូវបានជនសង្ស័យ គប់ចូលទៅក្នុងទីលានជួបជុំមួយនៅក្នុងទីក្រុង Wakayama ភាគខាងលិចប្រទេសជប៉ុន មុនការចាប់ផ្តើមថ្លែងសន្ទរកថារបស់លោក។ លោកនាយករដ្ឋមន្រ្តីជប៉ុនត្រូវបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់នោះឡើយ។ ក្រោយកើតហេតុ នៅថ្ងៃដដែល ប៉ូលីសបានកំណត់អត្តសញ្ញាណសជនសង្ស័យ Kimura Ryuji អាយុ ២៤ឆ្នាំ លើករណីបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន។
ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Wakayama ក្បែរទីក្រុង Osaka គឺជាការរំឮកដ៏គួរឱ្យភ័យខ្លាចនៃការធ្វើឃាតដោយកាំភ្លើងលើអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe កាលពីខែកក្កដាឆ្នាំមុន ខណៈពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា៕