បញ្ឈរជើងប៉ូលិសចរាចរណ៍៣នាក់ក្រោយផាកពិន័យពលរដ្ឋពេលភ្លើងសញ្ញាពណ៌បៃតង
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមទាក់ទងនឹងមន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឱ្យចូលខ្លួនបំភ្លឺ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង៣រូបបានសារភាពកំហុសថា ពិតជាបានឃាត់រថយន្តម៉ាក់Lexus RX300មួយគ្រឿង នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងពិតប្រាកដមែន។ បច្ចុប្បន្នមន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់៕